ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានកំណត់គោលដៅលើនាវាផ្គត់ផ្គង់យោធារបស់សហរដ្ឋអាមេរិកចំនួន ៣គ្រឿង បន្ទាប់ពីពួកវា បានចាកចេញពីកំពង់ផែ Djibouti។
អ្នកនាំពាក្យយោធាហ៊ួទី លោក Yahya Sarea បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ al-Masirah TV ថា៖«យើងក៏បានកំណត់គោលដៅនាវាពិឃាតអាមេរិកចំនួន ពីរគ្រឿង នៅក្នុងឈូងសមុទ្រ Aden ដែលកំពុងអមដំណើរនាវាផ្គត់ផ្គង់ទាំងនោះ»។
លោកបាននិយាយថា ក្រុមរបស់ខ្លួន បានប្រើប្រាស់គ្រាប់រ៉ូកែត និងយានដ្រូនផ្ទុកគ្រាប់បែកជាច្រើនគ្រឿងក្នុងប្រតិបត្តិការ ដោយអះអាងថា ការវាយប្រហារនេះ គឺ «ចំគោលដៅយ៉ាងជាក់លាក់»។
លោកបានបញ្ជាក់ទៀតថា៖ «នេះគឺជាប្រតិបត្តិការលើកទី២ ប្រឆាំងនឹងនាវា និងនាវាពិឃាតដូចគ្នា ក្នុង រយៈពេល ១០ថ្ងៃ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល លោក Sareaក៏បានអះអាងដែរថា ក្រុមរបស់ខ្លួន បានធ្វើប្រតិបត្តិការយោធាពីរផ្សេងទៀត សំដៅលើ «គោលដៅយោធាអ៊ីស្រាអែល» នៅក្នុងតំបន់ Jaffa និង Ashkelon ក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងយានដ្រូនចំនួន ពីរគ្រឿង កាលពីព្រឹកថ្ងៃអង្គារ។
ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងរបស់ប្រទេសយេម៉ែន បាននិងកំពុងបាញ់រ៉ូកែត និងយានដ្រូនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានរំខានដល់ការដឹកជញ្ជូនទំនិញ ដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ចំពេលមានជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល។