កូរ៉េខាងជើង៖ កូរ៉េខាងជើងកំពុងប្រាប់ពលរដ្ឋរបស់ខ្លួនដែលកំពុងអត់ឃ្លាន ឲ្យត្រៀមខ្លួនទទួលទានតិចៗសម្រាប់ប៉ុន្មានឆ្នាំខាងមុខនេះ។ ទីក្រុងព្យុងយ៉ាងដែលបានបិទព្រំដែនរវាងប្រទេសកូរ៉េទាំង២ កាលពីដើមឆ្នាំមុនដោយសារតែការរាតត្បាតវីរុសសកលកូរ៉ូណា បាននិយាយថា មានឱកាសតិចតួចប៉ុណ្ណោះក្នុងការបើកដំណើរការឡើងវិញមុនឆ្នាំ២០២៥។

ស្ថានភាពដែលរួមទាំងការរឹតបន្តឹងពាណិជ្ជកម្មផងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសដែលមានប្រជាជនប្រមាណជាង ២៥លាននាក់កំពុងជួបប្រទះភាពអត់ឃ្លានធ្ងន់ធ្ងរស្រាប់ទៅហើយ ដោយសារតម្លៃអាហារឡើងថ្លៃខ្ពស់កប់ពពក នេះបើយោងតាមវិទ្យុអាស៊ីសេរី។ ស្ថានភាពស្បៀងអាហារពេលនេះគឺជាគ្រាអាសន្នច្បាស់ណាស់ ហើយប្រជាជនកំពុងជួបបញ្ហាកង្វះខាត។ នៅពេលដែលក្រុមអាជ្ញាធរប្រាប់ពួកគេថា ពួកគេត្រូវតែចេះសន្សំសំចៃ និងប្រើប្រាស់អាហារតិចរហូតដល់ឆ្នាំ២០២៥ អ្នកស្រុកដែលមិនបញ្ចេញឈ្មោះម្នាក់នៅទីក្រុងព្រំដែនភាគពាយ័ព្យ Sinuiju បានប្រាប់សារព័ត៌មានមួយនៅខែនេះថា ពួកគេមិនអាចធ្វើអ្វីបានក្រៅពីមានអារម្មណ៍អស់សង្ឃឹមខ្លាំងនោះទេ។
យោងតាមរបាយការណ៍ភ្នាក់ងារការត្រួតពិនិត្យឡើងវិញជាតិស្ម័គ្រចិត្ត (Voluntary National Review) ដែលបានដាក់ជូនអង្គការសហប្រជាជាតិ កូរ៉េខាងជើងដឹកនាំដោយលោក Kim Jong Un បានស្តីបន្ទោសជំងឺរាតត្បាតសកល គ្រោះមហន្តរាយធម្មជាតិ និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ចំពោះអសមត្ថភាពក្នុងការផ្គត់ផ្គង់ដល់ប្រជាជនរបស់ខ្លួន៕
អត្ថបទ៖ សុខមាន