មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយនៅថ្ងៃពុធនេះថា អ៊ីរ៉ងមានភស្តុតាងដែលអាចបញ្ជាក់ថា ការផ្តួលរំលំរបបរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad គឺដោយសារផែនការរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយនិងប្រទេសជិតខាងមួយទៀតរបស់ស៊ីរី ដែលលោកពុំបានប្រាប់ឈ្មោះនោះទេ ។

លោក Khamenei និយាយថា គ្មានមន្ទិលសង្ស័យនោះទេចំពោះអ្វីដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី គឺជាលទ្ធផលនៃផែនការរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយរដ្ឋាភិបាលជិតខាងមួយទៀតរបស់រុស្ស៊ី បានរួមចំណែកផងដែរ ហើយពួកគេនឹងបន្តរួមចំណែកយ៉ាងច្បាស់ក្រឡែត ក្នុងបញ្ហាមួយនេះ ។

បន្ទាប់ពីការដួលរលំទៅរបស់លោក Assad ក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យមានសន្ទនាជាតិ ដើម្បីបង្កើតរដ្ឋាភិបាលរួមបញ្ចូលតំណាងឲ្យភាគីទាំងអស់របស់សង្គមស៊ីរី ។
កាលពីថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក Fatemeh Mohajerani បានអំពាវនាវឲ្យគោរពបូរណភាពទឹកដីស៊ីរី ដោយលោកនិយាយថា ពលរដ្ឋស៊ីរី គួរតែសម្រេចចិត្តលើជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ។
អ៊ីរ៉ង់ និងរុស្ស៊ី បានគាំទ្រផ្នែកយោធាដល់ការកាន់អំណាចរបស់លោក Assad ចាប់តាំងពីសង្រ្គាមស៊ីវិលផ្ទុះឡើងកាលពីឆ្នាំ ២០១១ ។ ទីក្រុងតេអេរ៉ង់ បានបញ្ជូនឆ្មាំបដិវត្តន៍ទៅកាន់ប្រទេសស៊ីរី ដើម្បីជួយឲ្យសម្ព័ន្ធមិត្តមួយនេះ បន្តកាន់អំណាច ជាការទប់ទល់នឹងឥទ្ធិពលរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ៕
