មន្ត្រីពន្ធនាគារជាន់ខ្ពស់មួយរូប នៅថ្ងៃពុធ (ទី១១ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានព្យាយាមធ្វើអត្តឃាត ភ្លាមៗមុនពេលរូបលោកត្រូវបានចាប់ខ្លួនជាផ្លូវការ ជុំវិញតួនាទីរបស់លោក នៅក្នុងប្រតិបត្តិការច្បាប់អាជ្ញាសឹក នាខែនេះ។

គួររំលឹកថា ប្រធានាធិបតី លោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ហើយបានបញ្ជូនទាហាន និងឧទ្ធម្ភាគចក្រទៅកាន់រដ្ឋសភា ប៉ុន្តែត្រូវបានបង្ខំលុបចោលក្រឹត្យនោះ នៅប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាបានបោះឆ្នោតទម្លាក់ច្បាប់នេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Yong-hyun បានលាលែងពីតំណែង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយត្រូវបានចាប់ខ្លួនជាផ្លូវការកាលពីថ្ងៃអង្គារ (ទី១០ ខែធ្នូ) ក្រោមបទចោទប្រកាន់ ដែលរួមមាន «ការពាក់ព័ន្ធនឹងតួនាទីសំខាន់ អំឡុងពេលបះបោរ» និង «ការរំលោភបំពានសិទ្ធិអំណាច ដើម្បីរារាំងការអនុវត្តសិទ្ធិ»។

អំឡុងសវនាការ នៅសភា អគ្គស្នងការនៃកន្លែងកែប្រែកូរ៉េ បាននិយាយថា អតីតរដ្ឋមន្ត្រីរូបនេះ បានព្យាយាមសម្លាប់ខ្លួន នៅប៉ុន្មាននាទីមុនពេលការចាប់ខ្លួនរូបលោក ត្រូវបានប្រកាស។
មិនយូរប៉ុន្មានមុនពាក់កណ្តាលអធ្រាត្រ (ថ្ងៃអង្គារ ម៉ោង ៣រសៀល ម៉ោងសកល) លោក Shin Yong-hae បានប្រាប់ថា «អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Yong-hyun បានប៉ុនប៉ងធ្វើអត្តឃាត នៅឯមជ្ឈមណ្ឌលឃុំឃាំង Seoul Dongbu»។ ដោយបន្ថែមថា ជនជាប់ចោទបានទទួលរបាយការណ៍នៅព្រឹកថ្ងៃពុធនេះ លោក Shin បាននិយាយថា លោក Kim បានព្យាយាមសម្លាប់ខ្លួននៅក្នុងបង្គន់ ដោយប្រើខ្សែពីសម្លៀកបំពាក់របស់លោក។
លោក Shin បាននិយាយថា៖ «បុគ្គលិកបន្ទប់ត្រួតពិនិត្យម្នាក់ បានអន្តរាគមន៍ ហើយនៅពេលដែលពួកគេបើកទ្វារ លោកបានបោះបង់ការប៉ុនប៉ងនេះភ្លាមៗ»។ លោក Shin បានបញ្ជាក់បន្ថែមថា នាពេលនេះ លោក Kim ស្ថិតនៅក្រោមការការពារក្នុងបន្ទប់ដែលមានសុវត្ថិភាព និងសុខភាពល្អ៕
