អភិបាលក្រុង និងសេវាកម្មសង្រ្គោះបន្ទាន់ និយាយនៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់សរុបពីការវាយប្រហារដោយមីស៊ីលរុស្ស៊ី ដែលបានបំផ្លាញគ្លីនិកមួយកន្លែងនៅក្នុងទីក្រុង Zaporizhzhia របស់អ៊ុយក្រែនកាលពីថ្ងៃអង្គារ បានកើនឡើងដល់ ៧នាក់ ។
អភិបាលក្រុង Zaporizhzhia លោក Ivan Fedorov និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram របស់លោកថា មនុស្ស ២២នាក់ផ្សេងទៀត បានរងរបួស ។
លោកថា សេវាកម្មសង្រ្គោះបន្ទាន់ទាំងអស់របស់ទីក្រុង កំពុងធ្វើការនៅកន្លែងកើតហេតុ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន និយាយថា ក្រុមជួយសង្រ្គោះរបស់ពួកគេ អាចទាញចេញស្រ្តី ២នាក់ ចេញពីក្រោមគំនរបាក់បែកអគារ កាលពីយប់កន្លងទៅ ។
រូបភាពវីដេអូឃ្លីប ដែលបានបង្ហាញដោយសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន ឃើញក្រុមជួយសង្រ្គោះ និងគ្រឿងចក្រ ធ្វើការលើគំនរអគារបាក់បែក ដែលបានស្រុតចុះកាលពីយប់កន្លងទៅ ។
រុស្ស៊ីតែងតែបើកការវាយប្រហារតាមច្រកអាកាសលើទីក្រុង Zaporizhzhia និងតំបន់ជុំវិញ ។
ភាគីទាំង ២ ទាំងរុស្ស៊ី និងអ៊ុយក្រែន តែងតែបានច្រានចោលគោលដៅស៊ីវិលនៅក្នុងការវាយប្រហាររបស់ពួកគេ ដោយនិយាយថា គោលដៅវាយប្រហារ គឺធ្វើឲ្យអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំពោះកិច្ចខិតខំសង្រ្គាមរបស់ពួកគេ ៕


