សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១០ ខែធ្នូ) បានដាក់ប្រាក់រង្វាន់ចំនួន ១០លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនបុរសជនជាតិចិនម្នាក់ និងអ្នករួមគំនិតដែលកំពុងត្រូវបានតាមរកខ្លួន ពីបទលួចចូលក្នុងកម្មវិធីការពារមេរោគរបស់កុំព្យូទ័រ។
បើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក Guan Tianfeng អាយុ ៣០ឆ្នាំ ត្រូវបានគេជឿថា កំពុងរស់នៅក្នុងខេត្ត Sichuan របស់ប្រទេសចិន។ ការចោទប្រកាន់ដែលចោទលោក Guan ថា បានសមគំនិត ក្នុងការប្រព្រឹត្តិអំពើក្លែងបន្លំតាមកុំព្យូទ័រ និងការសមគំនិត ក្នុងការប្រព្រឹត្តិអំពើឧក្រិដ្ឋតាមបណ្ដាញអេឡិកត្រូនិក ត្រូវបានចេញ កាលពីថ្ងៃអង្គារ។
ជាមួយគ្នានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Guan ដែលធ្វើការឲ្យក្រុមហ៊ុន Sichuan Silence Information Technology។
បើយោងតាមការចោទប្រកាន់នោះ បានឲ្យដឹងថា លោក Guan និងអ្នករួមគំនិតនៅក្រុមហ៊ុន Sichuan Silence ត្រូវបានចោទប្រកាន់ថា បានទាញយកប្រយោជន៍ពីភាពងាយរងគ្រោះ នៅក្នុងកម្មវិធីការពារមេរោគរបស់កុំព្យួទ័រលក់ដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Sophos ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស៕