នៅថ្ងៃពុធនេះ វិមានក្រឹមឡាំង បានបដិសេធន៍ចោលផលប៉ះពាល់ចំពោះឥទ្ធិពលរបស់រុស្ស៊ីនៅតំបន់មជ្ឈិមបូព៌ា ដោយសារការដួលរលំទៅរបបរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដោយពួកគេនិយាយថា ការផ្តោតសំខាន់របស់ខ្លួននៅពេលនេះ គឺសង្រ្គាមនៅអ៊ុយក្រែន ហើយទីក្រុងម៉ូស្គូ បានទាក់ទងក្រុមមេដឹកនាំថ្មីរបស់ស៊ីរី ។
ពេលដែលរុស្ស៊ី ធ្វើអន្តរាគមន៍នៅក្នុងសង្រ្គាមស៊ីវិលស៊ីរីកាលពីឆ្នាំ ២០១៥ ពួកគេបានជួយឲ្យមានតុល្យភាពឈរខាងលោក Assad ដូច្នេះហើយការដួលរលំទៅរបស់ស៊ីរី ក្លាយជាដំណើរថយក្រោយដ៏ធ្ងន់ធ្ងរមួយសម្រាប់ទាំងរុស្ស៊ី ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ទាំងអ៊ីរ៉ង់ ដែលកំពុងទប់ទលនឹងឥទ្ធិពលរបស់អ៊ីស្រាអែលគាំទ្រដោយសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាការពិតណាស់ថា ពួកយើងកំពុងទាក់ទងអ្នកដែលបច្ចុប្បន្នគ្រប់គ្រងស្ថានភាពនៅស៊ីរី ។
នៅពេលសួរថាតើការដួលរលំទៅរបស់លោក Assadបានធ្វើឲ្យចុះខ្សោយឥទ្ធិពលរុស្ស៊ីច្រើនខ្លាំងបែបណានៅក្នុងតំបន់ លោក Peskov និយាយថា ទីក្រុងម៉ូស្គូ នៅតែរក្សាការទាក់ទងជាមួយប្រទេសទាំងអស់នៅក្នុងតំបន់ ហើយនិងបន្តធ្វើបែបនេះទៀត ។
សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូ បានគាំទ្រស៊ីរី ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមត្រជាក់មកម្ល៉េះ ដោយទទួលស្គាល់ឯករាជ្យរបស់ពួកគេនៅឆ្នាំ ១៩៤៤ ពេលដែលទីក្រុងដាម៉ាស់ ព្យាយាមរំដោះប្រទេសជាតិចេញការគ្រប់គ្រងរបស់អាណានិគមន៍និយមបារាំង ។ ចំណែកឯលោកខាងលិច ចាត់ទុកស៊ីរីថាជាផ្កាយរណបរបស់សូវៀត ៕


