គ្រូពេទ្យបឋម និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជនប៉ាឡេស្ទីនយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសនៅថ្ងៃពុធនេះ ពេលដែលអ៊ីស្រាអែលវាយប្រហារតាមច្រកអាកាសលើផ្ទះមួយខ្នងនៅជំរំ Nuseirat ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ។
មនុស្សត្រូវបានគេមើលឃើញអង្គុយយំ និងកាន់ទុក្ខការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ស្របពេលសាកសពដេកលើកម្រាលឥដ្ឋរុំក្នុងភួយ និងថង់ច្រកសាកសព ។
មនុស្សប្រុស និងក្មេងៗ នាំគ្នាបួងសួងដល់អ្នកស្លាប់ មុនពេលដឹកសាកសពយកទៅបញ្ចុះ ។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើសង្រ្គាមជាមួយគ្នា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមជីវពលហាម៉ាស់ វាយប្រហារតំបន់សហគមន៍ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ។
ក្រុមអាជ្ញាធរសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៤.៨០០នាក់ មកទល់នឹងពេលនេះ ៕

