អង្គការឧតុនិយមពិភពលោក (WMO) នៅថ្ងៃពុធ (ទី១១ ខែធ្នូ) នេះ បានលើកឡើងថា ឱកាសច្រើនជាង ៥០ភាគរយ នឹងកើតមានគំរូអាកាសធាតុ La Niña ក្នុងរយៈពេល ៣ខែខាងមុខ ប៉ុន្តែប្រសិនបើវាពិតជាកើតឡើងមែន ឥទ្ធិពលរបស់វា នឹងខ្សោយ និងមានរយៈពេលខ្លី។
គំរូអាកាសធាតុ La Niña ពាក់ព័ន្ធនឹងការចុះត្រជាក់នៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រ ហើយអាចរំខានរយៈពេលនៃសីតុណ្ហភាពខ្ពស់ដែលទំនងជាបានធ្វើឲ្យឆ្នាំ២០២៤ ជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតរបស់ពិភពលោក គិតចាប់តាំងពីការកត់កំណត់ត្រាបានចាប់ផ្តើមឡើង។
WMO បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់អ្នកសារព័ត៌មានថា ការព្យាករណ៍បង្ហាញថាមានឱកាស ៥៥ភាគរយ ដែលអាកាសធាតុប្រែប្រួលទៅជាគំរូអាកាសធាតុ La Niña រវាងខែធ្នូ ឆ្នាំ២០២៤ និងខែកុម្ភៈ ឆ្នាំ២០២៥។ តែនេះគឺថយចុះពីការព្យាករណ៍ពីឱកាស ៦០ភាគរយរបស់ WMO ក្នុងខែកញ្ញា។
យ៉ាងណាក្ដី អគ្គលេខាធិការ WMO លោក Celeste Saulo បានប្រាប់ថា៖ «ទោះបីជាព្រឹត្តិការណ៍អាកាសធាតុ La Niña កើតឡើងក៏ដោយ ក៏ឥទ្ធិពលត្រជាក់រយៈពេលខ្លីរបស់វា នឹងមិនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងឥទ្ធិពលក្ដៅខ្លាំងនៃឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបានឡើយ»៕