ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីដែលផ្តួលរំលំរបបផ្តាច់ការរបស់អតីតប្រធានាធិបតីស៊ីរីលោក Bashar al-Assad និយាយនៅថ្ងៃពុធនេះថា ពួកគេដណ្តើមបានការគ្រប់គ្រងទាំងស្រុងទីក្រុងភាគខាងកើត Deir Az Zor ក្រោយការប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុធដឹកនាំដោយក្រុមឃើដ ដែលបានកាន់កាប់ទីក្រុងមួយនេះរយៈពេលខ្លី បន្ទាប់ពីទាហានគាំទ្ររដ្ឋាភិបាល រត់ភៀសខ្លួន ។
លោកមេបញ្ជាការ Hassan Abdul Ghani ដែលជាអ្នកនាំពាក្យកងកម្លាំងរុលទៅមុខ បានប្រកាសពីការដណ្តើមគ្រប់គ្រងបានទីក្រុង Deir Az Zor នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegram ថា ទីក្រុង និងអាកាសយានដ្ឋានយោធា ត្រូវរំដោះបានទាំងស្រុង ។
នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់នាថ្ងៃពុធនេះ លោក Ghani និយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបន្តរុលទៅមុខឆ្ពោះទៅកាន់តំបន់ជាច្រើនទៀតនៅជនបទទីក្រុង Deir Az Zor ។
ការដណ្តើមគ្រប់គ្រងបាននេះដែរ គឺជាជ័យជំនះចុងក្រោយមួយនៃជ័យជំនះជាបន្តបន្ទាប់សម្រាប់ក្រុមចម្រុះរបស់កងកម្លាំងប្រឆាំង ដែលរឹបអូសបានទីក្រុងជាច្រើន រួមទាំងរដ្ឋធានីដាម៉ាស់ផងដែរ នៅក្នុងសង្រ្គាមវាយលុកដូចផ្លេកបន្ទោររយៈពេល ១២ថ្ងៃរបស់ពួកគេ ៕

