ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូជំរុញឲ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេ បញ្ចប់ការគាំទ្រចំពោះរបបរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ដោយបានធ្វើការអត្ថាធិប្បាយអំពីការវាយប្រហាររបស់ទីក្រុងគីវទៅលើបុគ្គលិករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។
សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា៖«សកម្មភាពរបស់ទីក្រុងគីវ គឺជាការញុះញង់យ៉ាងច្បាស់ នៅមុនកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាភិបាលរបស់ IAEA ដែលគ្រោងនឹងធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់អ៊ុយក្រែននៅថ្ងៃទី ១២ ខែធ្នូនេះ។ ក្រសួងការបរទេសរុស្ស៊ី បានបន្ថែមថា៖«យើងអំពាវនាវឲ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេ បញ្ចប់ការគាំទ្រណាមួយចំពោះរបបលោក ហ្សេឡិនស្គី និងចាត់វិធានការ ដើម្បីនាំអ្នកទទួលខុសត្រូវចំពោះទង្វើញុះញង់ ឡើងតុលាការ» ។
ក្រសួងបានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី ១០ ខែធ្នូ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើរថយន្តដែលដឹកបុគ្គលិក IAEA ក្នុងអំឡុងពេលការប្តូរវេនអ្នកជំនាញជាប្រចាំ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP)។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖ «ទីក្រុងមូស្គូ ចែករំលែកការខឹងសម្បាជាមួយថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះ ជុំវិញសកម្មភាពបង្កហេតុ និងខ្វះការប្រុងប្រយ័ត្នទាំងនេះ ដោយរបបទីក្រុងគីវ ដែលមិនត្រឹមតែ បន្តប្រព្រឹត្តបទឧក្រិដ្ឋ បង្កើតការគំរាមកំហែង និងវាយប្រហាររោងចក្រនុយក្លេអ៊ែររុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះថែមទាំង បានហ៊ានដាក់បុគ្គលិកអង្គការអន្តរជាតិ និងកងទ័ពរុស្ស៊ី ដែលធានាដល់ផ្លាស់ប្តូរវេនអ្នកជំនាញរបស់ IAEA ឲ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។