សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅថ្ងៃពុធ (ទី១១ ខែធ្នូ) បានអំពាវនាវដល់ក្រុមឧទ្ទាមស៊ីរី ដែលបានផ្តួលរំលំរបបប្រធានាធិបតី លោក Bashar al-Assad ឲ្យរក្សាស្ថិរភាព ក្នុងប្រទេសនេះ និងគ្រប់គ្រងប្រទេសតាមវិធី ដែលលើកកម្ពស់ឯកភាពជាតិ។
អំឡុងយាងជួបជាមួយសាធារណជនប្រចាំសប្តាហ៍របស់ព្រះអង្គ នៅបុរីវ៉ាទីកង់ សម្តេចសង្ឃកាតូលិក បានមានបន្ទូលថា៖ «ខ្ញុំសង្ឃឹមថា ដោយគ្មានជម្លោះ ឬការបែកបាក់ផ្សេងទៀត ពួកគេស្វែងរកដំណោះស្រាយនយោបាយ ដែលលើកកម្ពស់ស្ថិរភាព និងឯកភាពរបស់ប្រទេសប្រកបដោយការទទួលខុសត្រូវ»។
ហើយនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ព្រះអង្គ អំពីប្រទេសស៊ីរី គិតចាប់តាំងពីមានការផ្ទេរអំណាចមក ព្រះអង្គក៏បានអំពាវនាវឲ្យក្រុមសាសនាចម្រុះរបស់ប្រទេសនេះ «ដើរជាមួយគ្នា ក្នុងនាមជាមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ»។
គួរបញ្ជាក់ថា សម្ដេច ប៉ាប បានបរិហារអំពីការស្លាប់ និងរបួស ក្នុងជម្លោះស៊ីរី នៅកន្លែងផ្សេងៗ រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រជាជនម៉ូស្លីមមានចំនួនប្រហែល ៩០ភាគរយនៃចំនួនប្រជាជនស៊ីរី។ គ្រិស្តបរិស័ទមានវត្តមានជាប្រវត្តិសាស្ត្រ នៅក្នុងប្រទេសនេះ ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។ បុរីវ៉ាទីកង់បានប៉ាន់ប្រមាណថា មានអ្នកកាន់សាសនាកាតូលិកប្រហែល ៣០០.០០០នាក់ ក្នុងចំណោមប្រជាជនប្រហែល ២៥លាននាក់៕