ប្រភពចំនួន៥ បានប្រាប់សារព័ត៌មានរ៉យទ័រថា សមាជិកជាន់ខ្ពស់ពីររូបនៃរដ្ឋាភិបាលកោះតៃវ៉ាន់ កំពុងនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួបជាមួយអ្នកដែលមានទំនាក់ទំនងជាមួយក្រុមការងារលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងកិច្ចប្រឹងប្រែងរបស់កោះតៃវ៉ាន់ ដើម្បីបង្កើតទំនាក់ទំនងជាមួយរដ្ឋបាលថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន។

ប្រភពទាំងនោះបន្តថា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់តៃវ៉ាន់ពីររូបឈ្មោះ លីន ហ្វីហ្វាន (Lin Fei-fan) និង ស៊ូ ជូឈិន (Hsu Szu-chien) រួមទាំងបុគ្គលិករបស់ពួកគេជាច្រើននាក់ បានធ្វើដំណើរទៅកាន់រដ្ឋវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំស្ងាត់ៗពេញមួយសប្តាហ៍នេះ។

ពុំមានការបញ្ជាក់ណាមួយដែលថាភាគីអាមេរិកក្នុងតំណែងណានឹងចូលរួមក្នុងកិច្ចប្រជុំ ឬមានរបៀបវារៈអ្វីនោះទេ។ ស្ថានទូតតាមជាក់ស្ដែងរបស់កោះតៃវ៉ាន់ ក្នុងទីក្រុងវ៉ាស៊ីនតោន ស្ថានទូតចិន និងក្រុមរបស់លោក Trump មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ។

ដំណើរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់កោះតៃវ៉ាន់នេះ កើតឡើងនៅពេលដែលយោធាចិន បានបង្កើនសកម្មភាពនៅជិតច្រកសមុទ្រតៃវ៉ាន់ នៅក្នុងអ្វីដែលទីក្រុងតៃប៉ិនិយាយថា គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីដាក់ "បន្ទាត់ក្រហម" សម្រាប់រដ្ឋបាលថ្មីរបស់លោក Trump និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕