ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ (១២ ធ្នូ) នេះ បានរាយការណ៍ថា កំហឹងសាធារណៈជននៅកូរ៉េខាងត្បូង កំពុងកើនឡើងយ៉ាងខ្លាំងប្រឆាំងនឹងលោកប្រធានាធិបតី Yoon Suk Yeol និងបក្សកាន់អំណាច បន្ទាប់ពីច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីសប្តាហ៍មុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅក្នុងរបាយការណ៍មួយថា "ការអំពាវនាវឱ្យលោក Yoon Suk Yeol រងការចោទប្រកាន់ទម្លាក់តំណែងកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលចលាចលនយោបាយកាន់តែខ្លាំង។ ការប្រឈមមុខដាក់គ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំង កំពុងមានភាពស៊ីជម្រៅ"។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានចេញផ្សាយក្រឹត្យច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក Yoon និងវិបត្តិនយោបាយកូរ៉េខាងត្បូង ជាលើកដំបូងកាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា បណ្ដាញផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង តែងតែធ្វើអត្ថាធិប្បាយពីគោលនយោបាយការបរទេស និងសកម្មភាពយោធារបស់ទីក្រុងសេអ៊ូលប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ពួកគេបានចេញផ្សាយរិះគន់ច្បាស់ៗ បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹករបស់ Yoon កាលពីសប្តាហ៍មុន ដែលមានរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ មុនពេលត្រូវបានសភា បង្ខំឱ្យលុបចោលវិញ៕