ក្នុងពេលដែលសិស្សនិស្សិតនៅមហាវិទ្យាល័យអាមេរិកជាច្រើនបានប្រឡងបញ្ចប់នៅសប្តាហ៍នេះ និងរៀបចំទៅវិស្សមកាលរដូវរងារបស់ពួកគេ វិទ្យាស្ថានអប់រំល្បីៗជាច្រើន រួមទាំងសាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Southern California និងសាកលវិទ្យាល័យ Cornell កំពុងព្រមាននិស្សិតអន្តរជាតិឱ្យត្រឡប់ទៅសាលាវិញ មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

ក្នុងអំឡុងពេលរដ្ឋបាលលើកទីមួយរបស់ខ្លួន លោក Trump បានដាក់កំហិតលើការចូលក្នុងសហរដ្ឋអាមេរិក ពីប្រទេសចំនួន៧ ភាគច្រើនជាប្រទេសមូស្លីម ដែលជាគោលនយោបាយមួយធ្វើឱ្យនិស្សិតរាប់ពាន់នាក់ដែលនៅក្រៅប្រទេសនៅពេលនោះ បានជាប់គាំងនៅព្រលានយន្តហោះ។

ក្រោយមក លោក Trump បានដាក់ប្រទេសជាច្រើនទៀតទៅក្នុងបញ្ជីដាក់កំហិតការធ្វើដំណើរ ហើយលោកបានលើកឡើងថាចង់ដាក់ការរឹតបន្តឹងទាំងនោះឡើងវិញ នៅពេលលោកត្រលប់ទៅសេតវិមានម្ដងទៀត។

មហាវិទ្យាល័យនានាក៏កំពុងព្រមានសិស្សទាំងអស់ឱ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការពន្យារពេលនៅព្រំដែន និងក្នុងដំណើរការឯកសារ។ ទិន្នន័យពីបណ្ដាញក្រសួងការបរទេសអាមេរិកបានបង្ហាញថា និស្សិតច្រើនជាង ១,១លាននាក់ មកពីខាងក្រៅសហរដ្ឋអាមេរិក បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិកក្នុងឆ្នាំសិក្សា២០២៣-២០២៤៕