នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស៊ីរី បាននិយាយថា សម្ព័ន្ធក្រុមឧទ្ទាមដែលបានបណ្តេញប្រធានាធិបតីលោក Bashar al-Assad ចេញពីតំណែង នឹងធានាដល់សិទ្ធិជនជាតិភាគតិច នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១១ ខែ ធ្នូ និងបានអំពាវនាវដល់មនុស្សរាប់លាននាក់ដែលបានភៀសខ្លួនចេញពីសង្រ្គាម ឱ្យវិលត្រឡប់ទៅកាន់ប្រទេសវិញ។

លោក Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី បន្ទាប់ពីការវាយលុកលឿនដូចផ្លេកបន្ទោរ ដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបាននាំមកនូវការបញ្ចប់ដ៏អស្ចារ្យនៃការគ្រប់គ្រងអំណាចផ្តាច់ការរបស់លោក។

ប្រជាជនស៊ីរីទូទាំងប្រទេស និងនៅជុំវិញពិភពលោក បានប្រារព្ធពិធីអបអរ បន្ទាប់ពីបានស៊ូទ្រាំទៅនឹងយុគសម័យដ៏តឹងតែង អំឡុងពេលនរណាម្នាក់ដែលត្រូវបានសង្ស័យថាមានគំនិតមិនចុះសម្រុង អាចនឹងត្រូវចាប់ដាក់ពន្ធនាគារ ឬសម្លាប់។
ដោយមានការផ្ដួលរំលំរបបលោក Assad មេដឹកនាំថ្មីរបស់ប្រទេសនេះបានស្វែងរកការធានាចំពោះជនជាតិភាគផ្នែកតិចសាសនា ថា ពួកគេនឹងមិនបង្ក្រាបចំពោះសិទ្ធិក្រុមសាសនាឡើយ។
ពួកគេក៏បានសន្យារកយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការគ្រប់គ្រងដោយកណ្តាប់ដៃដែករបស់លោក Assad ផងដែរ ដោយមេដឹកនាំក្រុម HTS លោក Abu Mohammed al-Golani បានប្តេជ្ញាថា មន្ត្រីពាក់ព័ន្ធក្នុងការធ្វើទារុណកម្មអ្នកជាប់ឃុំ នឹងមិនត្រូវបានលើកលែងទោសឡើយ។