សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ហើយត្រូវបង្ការទប់ស្កាត់រាល់ ល្បិចកលទាំងឡាយណា របស់ឧក្រិដ្ឋជនគ្រប់រូបភាពទាំងអស់ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលប្តេជ្ញាប្រឆាំងដាច់ខាតនូវ អំពើជួញដូរមនុស្សគ្រប់ប្រភេទ ខណៈបញ្ហាការជួញដូរមនុស្សនេះ បានកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូលនោះ។
សម្តេច បានបន្ថែមថា បញ្ហានៃការជួញដូរមនុស្ស គឺជាមុខសញ្ញា និងជាបណ្តាញអន្តរជាតិ មិនមែនកើតឡើងនៅតែប្រទេសកម្ពុជានោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលមានឆន្ទៈមុត មាំក្នុងបង្ការ និងទប់ស្កាត់ឲ្យខាងតែបាន ហើយតាមស្វែងរកចាប់ជនល្មើសមកផ្ដន្ទាទោសឲ្យបានផងដែរ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ទីភ្នាក់ការអង្គការសហប្រជាជាតិ រួមទាំងអង្គការសង្គមស៊ីវិល ដែលជានិច្ចកាលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបានជួយសង្រ្គោះជនរងគ្រោះក្នុងករណីជួញដូរមនុស្សនាពេលកន្លងមកដែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ភាគីទាំងអស់ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ក្នុងការរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ បង្រ្កាប និងផ្តល់កិច្ចការការពារជនរងគ្រោះទាំង ស្រ្តី បុរស កុមារ ព្រមទាំងបានចូលរួមដោះស្រាយបញ្ហាប្រឈមជាច្រើន របស់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេសសហគមន៍ដែលមានភាពរងគ្រោះ និងមានជនទេសន្តរប្រវេសក៍ ដែលគ្មានសុវត្ថិភាពតែម្តង៕ អត្ថបទបាន ចក់




