សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅប្រទេសមួយចំនួន ដែលបានចេញរបាយការណ៍ទាក់ទងនឹងបញ្ហាការជួញដូរមនុស្ស នាពេលកន្លងទៅ ឬនៅពេលអនាគត គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេង និងទទួលយកព័ត៌មានតែម្ខាងនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាទទួលស្គាល់ថា មានបញ្ហានៃការជួញដូរមនុស្ស ប៉ុន្តែមិនដូចរបាយការណ៍មួលបង្កាច់របស់ប្រទេសមួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ ដូច្នេះកម្ពុជាមានសិទ្ធិក្នុងការឆ្លើយតបចំពោះរបាយការណ៍មិនពិតទាំងនោះ។
ក្នុងឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា បញ្ហានៃការជួញដូរមនុស្សគឺជាបញ្ហាស្មុគស្មាញយ៉ាងខ្លាំង ហើយបញ្ហានេះគឺបានកើតឡើងតាំងពីយូរណាស់មកហើយនៅក្នុងតំបន់ ក៏ដូចជាពិភពលោកយើងទាំងមូល គ្រាន់តែពីមុន វាធ្វើឡើងជាចំហរការទិញដូរនូវទាសករ។ ប៉ុន្តែនៅសម័យទំនើបនេះការជួញដូរមនុស្សត្រូវបានគ្រប់ប្រទេសទាំងអស់រួមគ្នាដើម្បីទប់ស្កាត់ ហើយវាបានប្រែក្លាយពីទម្រង់ចំហរទៅជាទម្រង់លួចលាក់ ឬហៅថា ទម្រង់ការច្នៃប្រឌិត ឬនវានុវត្តន៍ច្រើន។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ទម្រង់នៃការជួញដូរមនុស្សនេះ គឺគ្មានអ្វីឲ្យច្បាស់ លាស់នោះទេ ដោយវាបានធ្វើឡើងបន្លំជាមួយនឹងអ្វីមួយដែលស្របច្បាប់ ដូចជាករណីរៀបអាពាហ៍ពិពាហ៍ ជាមួយប្តីបរទេសជាដើម ពេលខ្លះគេបានការជាមួយយើង ក្នុងនាមជាប្តីប្រពន្ធ ប៉ុន្តែសម្រាប់ដល់ប្រទេសគេ បែរជាបុរសជាប្តីនោះ យកស្រ្តីនោះ ទៅលក់បន្តទៅអ្នកផ្សេងជាដើមនោះ ហើយរបាយការណ៍ខ្លះបានចេញ មកមួលបង្កាច់កម្ពុជា ថាមានការជួញដូរមនុស្សទៅវិញ៕អត្ថបទបាន ចក់



