អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធ ទី១១ ខែធ្នូ ថា រដ្ឋនានាដែលផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ីស្រាអែល ខណៈប្រទេសនេះកំពុងបន្តជម្លោះនៅតំបន់ហ្កាហ្សានិងនៅលីបង់ ទោះបីជាមានភស្តុតាងនៃការរំលោភច្បាប់អន្តរជាតិក៏ដោយ វាជាការសមគំនិតក្នុងការរំលោភបំពាន។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ខណៈកំពុងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម លោក Ben Saul បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ផ្គត់ផ្គង់សព្វាវុធ ៩៩% ដែលត្រូវបាននាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល។ ពួកគេអាចបញ្ឈប់ជម្លោះនេះ ប្រសិនបើពួកគេបញ្ឈប់អាវុធដែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន។

លោកបាននិយាយបន្ថែមថា «គ្រប់រដ្ឋាភិបាលទាំងអស់ មានកាតព្វកិច្ច មិននាំចេញអាវុធទៅកាន់ប្រទេសមានហានិភ័យច្បាស់លាស់ ដែលវានឹងត្រូវបានប្រើប្រាស់ដើម្បីបំពានច្បាប់មនុស្សធម៌អន្តរជាតិ»។
កាលពីថ្ងៃទី១៣ ខែតុលា ទីក្រុងវ៉ាស៊ីនតោន បានដាក់វេលាកំណត់សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន គឺ អ៊ីស្រាអែល ដើម្បីធ្វើឲ្យប្រសើរវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា បើមិនដូច្នេះទេត្រូវប្រឈមមុខទៅនឹងការរឹតត្បិតដែលអាចកើតមាន លើការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារគោលដៅនានានៅទូទាំងប្រទេសស៊ីរី ក្នុងបំណងជាក់ស្តែង ដើម្បីធានាបានថា យុទ្ធោបករណ៍យោធាស៊ីរី រួមទាំងយន្តហោះប្រយុទ្ធ មីស៊ីល និងអាវុធគីមី នឹងមិនធ្លាក់ទៅក្នុងដៃក្រុមឧទ្ទាម។