គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញការគាំទ្ររបស់ខ្លួននៅពីក្រោយការប៉ុនប៉ងចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការសម្រេចចិត្តដ៏ខុសឆ្គងរបស់លោកប្រកាសច្បាប់អាជ្ញាសឹក ដែលបង្កឱ្យមានវិបត្តិនយោបាយ និងការផ្ទុះកំហឹងសាធារណៈនៅក្នុងប្រទេសនេះ។

សេចក្តីប្រកាសនេះ បានកើតឡើង មុនសុន្ទរកថារបស់លោក Yoonនៅថ្ងៃព្រហស្បតិ៍នេះ ដែលលោកបានបង្ហាញពីភាពត្រឹមត្រូវលើការសម្រេចចិត្តដាក់ច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក ដោយបដិសេធការអំពាវនាវដែលកំពុងកើនឡើងពីគ្រប់មជ្ឈដ្ឋាននយោបាយឱ្យលោកចុះចេញពីតំណែង។

ដើមឡើយ គណបក្សអំណាចប្រជាជន(PPP) បានបដិសេធមិនគាំទ្រការចោទប្រកាន់នោះទេ ដោយសង្ឃឹមថា ជំនួសមកវិញ លោកYoon នឹងលាលែងពីតំណែង។ប៉ុន្តែក្រោយមកក៏សម្រេចចិត្តគាំទ្រឲ្យមានការចោទប្រកាន់ទម្លាក់តំណែង ព្រោះមិនអាចព្យាយាមបញ្ចុះបញ្ចូលលោក Yoon ឲ្យលាលែងពីតំណែងបាន។

លោក Han Dong-hoon មេដឹកនាំគណបក្សបាននិយាយថា យើងបានព្យាយាមស្វែងរកវិធីល្អជាងការចោទប្រកាន់ ប៉ុន្តែវិធីផ្សេងនោះគឺមិនត្រឹមត្រូវទេ។ការព្យួរតំណែងប្រធានាធិបតីតាមរយៈការចោទប្រកាន់ គឺជាមធ្យោបាយតែមួយគត់សម្រាប់ស្ថានពេលនេះ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសាធារណរដ្ឋ៕