បន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានផ្ដល់នូវពូជស្រូវ ជូនដល់ប្រជាពលរដ្ឋគោលដៅ ដែលបានរងគ្រោះ ខូចខាតដំណាំស្រូវ ដោយសារទឹកជំនន់ ឆ្នាំ២០២១ ចំនួនជាង ២៧០០គ្រួសារ នៅក្នុងខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសអញ្ជើញចែកពូជស្រូវដល់ពលរដ្ឋក្រោមអធិបតីភាពឯកឧត្តម វង្ស សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា ពូជស្រូវផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ ជាប្រភេទស្រូវសែនក្រអូប ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១០០គីឡូក្រាម ដោយឥតគិតថ្លៃ ។
ឯកឧត្តម បន្តថា ពូជស្រូវនេះ គឺជាគម្រោងប្រព័ន្ធស្បៀងបម្រុងរបស់កម្ពុជា សម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដើម្បីស្ដារការដាំដុះឡើងវិញ បន្ទាប់ពីទឹកជំនន់ស្រកទៅវិញ ខណៈពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានទទួលអំណោយពូជស្រូវនៅពេលនេះ មានចំនួនសរុប ២ ៧៥០ គ្រួសារ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុ រាត្រី ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ ដឹងគុណជានិច្ចសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេច បានយកចិត្តទុកដាក់គិតគូរខ្ពស់ផ្តល់អំណោយពូជស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវ ដើម្បីបង្ករបង្កើនផលស្តារឡើងវិញ ៕




