កោះតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បតិ៍ ១២ ធ្នូសប្ដាហ៍នេះថាខ្លួនបានប្រទះឃើញនាវាចម្បាំងចិនចំនួន ១៦ គ្រឿងក្នុងដែនទឹកជុំវិញកោះនេះ ជាចំនួនខ្ពស់បំផុតមួយក្នុងឆ្នាំនេះ ខណៈទីក្រុងប៉េកាំងបង្កើនសម្ពាធយោធាលើទីក្រុងតៃប៉ិ ក្រោយមេដឹកនាំកោះនេះ លោក ឡៃ ឆីង-ទ ធ្វើដំណើរទៅកាន់បណ្ដាប្រទេសកោះប៉ាស៊ីកហ្វិក និងសហរដ្ឋអាមេរិក ក៏ដូចជាការលក់អាវុធថ្មីៗពីអាមេរិកឲ្យទៅកោះនេះ។

យោងតាមតួលេខប្រចាំថ្ងៃរបស់អាជ្ញាធរការពារជាតិតៃវ៉ាន់ នាវាកងទ័ពជើងទឹក រួមទាំងយន្តហោះចិន ៣៤គ្រឿង ត្រូវបានគេប្រទះឃើញនៅជិតកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ម៉ោង៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ។
ក្រុមអាជ្ញាធរតៃវ៉ាន់បាននិយាយនៅសប្តាហ៍នេះថា ទីក្រុងប៉េកាំងបាននឹងកំពុងធ្វើសមយុទ្ធដែនសមុទ្រដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ ពីក្បែរកោះភាគខាងត្បូងនៃប្រទេសជប៉ុន រហូតដល់សមុទ្រចិនខាងត្បូង។

មន្ត្រីសន្តិសុខតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះដែរថា នាវាចម្បាំងប្រហែល ៩០ គ្រឿង និងនាវាអង្គភាពឆ្មាំល្បាតឆ្នេររបស់ចិន បានចូលរួមក្នុងសមយុទ្ធដែលរួមមាន សកម្មភាពប្រដូចទៅនឹងការវាយប្រហារពិតៗ លើនាវាបរទេស និងការអនុវត្តការបិទផ្លូវសមុទ្រ។
ពុំទាន់មានសេចក្តីប្រកាសណាមួយដោយកងទ័ពរបស់ទីក្រុងប៉េកាំង ឬប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិននៅឡើយ អំពីការកើនឡើងសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងកើត ច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង ឬមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច៕