នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Christopher Wray បានប្រាប់បុគ្គលិកការិយាល័យ កាលពីថ្ងៃពុធ ថា លោកគ្រោងនឹងលាចេញពីតំណែង នៅចុងបញ្ចប់នៃរដ្ឋបាលបច្ចុប្បន្ន ខណៈ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្រកាសថាមានបំណងចង់ដាក់អ្នកជំនួសលោក។

លោក Wray ត្រូវបានគេដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយ NBC News ដោយនិយាយថា «បន្ទាប់ពីការគិតយ៉ាងហ្មត់ចត់ជាច្រើនសប្តាហ៍ ខ្ញុំបានសម្រេចចិត្តនូវរឿងដ៏ត្រឹមត្រូវសម្រាប់ការិយាល័យ ដែលខ្ញុំនឹងនៅបម្រើការរហូតដល់ចុងបញ្ចប់នៃរដ្ឋបាលបច្ចុប្បន្ននៅក្នុងខែមករា ហើយបន្ទាប់មកលាចេញពីតំណែង» ។
លោក Wray បាននិយាយថា «តាមទស្សនៈរបស់ខ្ញុំ នេះជាវិធីល្អបំផុតដើម្បីបញ្ចៀសការអូសបន្លាយការិយាល័យឱ្យធ្លាក់កាន់តែជ្រៅទៅក្នុងភាពច្របូកច្របល់ ខណៈពង្រឹងតម្លៃ និងគោលការណ៍ ដែលមានសារៈសំខាន់ចំពោះរបៀបដែលយើងធ្វើការងាររបស់យើង»។
កាលពីពេលថ្មីៗនេះ លោក Trump បានប្រកាសថា លោកមានផែនការតែងតាំង លោក Kash Patel ជានាយកនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI)បន្ទាប់ ដែលមានបំណងដាក់ជំនួសនាយក FBI បច្ចុប្បន្ន លោក Wray មុនពេលអាណត្តិ១០ឆ្នាំរបស់ លោក Wray បញ្ចប់។