ក្រុមអ្នកសម្រុះសម្រួលអារ៉ាប់ បានប្រាប់ឲ្យដឹងថា ក្រុមហាម៉ាសបានឆ្លើយតបទៅនឹងការទាមទារសំខាន់ៗចំនួន ២ របស់អ៊ីស្រាអែល សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សា ដោយធ្វើឲ្យក្តីសង្ឃឹមមានកាន់តែខ្ពស់ សម្រាប់កិច្ចព្រមព្រៀងដែលអាចឈានទៅដល់ការដោះលែងចំណាប់ថ្នូរមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃ បើទោះបីជាការចរចាពីមុនបានបរាជ័យហើយម្តងទៀតក៏ដោយ។

ក្រុមសកម្មប្រយុទ្ធបានប្រាប់អ្នកសម្រុះសម្រួលជាលើកដំបូងថា ខ្លួននឹងយល់ព្រមលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យមានកងកម្លាំងអ៊ីស្រាអែលបន្តស្ថិត នៅតំបន់ហ្កាហ្សាជាបណ្ដោះអាសន្ន នៅពេលដែលការប្រយុទ្ធគ្នា ត្រូវបានបញ្ឈប់។ ហើយជាមួយគ្នានេះ ក្រុមហាម៉ាសក៏បានប្រគល់បញ្ជីឈ្មោះចំណាប់ថ្នូរ ក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិក ដែលខ្លួននឹងដោះលែងនៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ជាអ្វីដែលមិនត្រូវបានអនុវត្ត ចាប់តាំងពីមានបទឈប់បាញ់លើកដំបូង នៅក្នុងជម្លោះនេះ កាលពីឆ្នាំមុន។

ផែនការថ្មីដែលស្នើឡើងដោយទីក្រុងគែរ និងគាំទ្រដោយសហរដ្ឋអាមេរិក ស្វែងរកការបង្កើតនូវសន្ទុះដែលកើតចេញពីបទឈប់បាញ់ នៅប្រទេសលីបង់ កាលពីខែវិច្ឆិកា ដែលនៅតែមានប្រសិទ្ធភាពយ៉ាងទូលំទូលាយ បើទោះបីជាអ៊ីស្រាអែល និងក្រុមហេសបូឡា ចោទប្រកាន់គ្នាទៅវិញទៅមកពីរំលោភបំពានក៏ដោយ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងសេចក្ដីរាយការនេះ។ លោក Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា មានការវិវត្តន៍មួយចំនួន នៅក្នុងកិច្ចចរចាបទឈប់បាញ់ ប៉ុន្តែវាលឿនពេកដែលមិនអាចប្រាប់បានថា តើកិច្ចព្រមព្រៀងមួយអាចឈានដល់ដែរ ឬអត់។
បើយោងតាមអ្នកសម្របសម្រួល បានឲ្យដឹងថា ជាផ្នែកមួយនៃសំណើចុងក្រោយនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងពិចារណាលើរយៈពេលឈប់បាញ់ ៦០ថ្ងៃ ដែលនឹងឃើញមានការដោះលែងចំណាប់ថ្នូររហូតដល់ ៣០នាក់ដែលជាប់ឃុំខ្លួននៅតំបន់ហ្កហ្សា ក្នុងនោះរួមទាំងមានពលរដ្ឋអាមេរិកផងដែរ។ ពួកគេបាននិយាយថា ជាថ្នូរវិញ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ហើយអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌កាន់តែច្រើនចូលទៅតំបន់ហ្កាហ្សា៕