ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃពុធ បាននិយាយថា ផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនប្រទេសបួគីណាហ្វាសូ ម៉ាលី និងប្រទេសនីហ្សេ នៅតែជាអាទិភាពសម្រាប់មេដឹកនាំនៃសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដែលមានសមាជិកចំនួន១៥ប្រទេស ដោយការធានាបានថា ផ្នែកការទូត និងការវិនិច្ឆ័យ នឹងក្លាយជាគោលការណ៍ណែនាំ ក្នុងការធ្វើសមាហរណកម្មប្រទេសទាំងនេះទៅក្នុងប្លុកប្រចាំតំបន់។

ដោយទទួលជួបប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងធ្វើទស្សនកិច្ច លោក Frank-Walter Steinmeier ទៅកាន់ទីក្រុង Abuja រដ្ឋធានីប្រទេសនីហ្សេរីយ៉ា លោក Tinubu ដែលជាប្រធានអាជ្ញាធរនៃរដ្ឋ និងរដ្ឋាភិបាលសហគមន៍ ECOWAS បាននិយាយថា ថ្នាក់ដឹកនាំនៃប្រទេសទាំងបី កន្លងមក មានភាពស្ទាក់ស្ទើរក្នុងការបង្ហាញកម្មវិធីអន្តរកាលជាមួយនឹងកាលបរិច្ឆេទច្បាស់លាស់។

ប្រធានាធិបតីនីហ្សេរីយ៉ា បាននិយាយទៅកាន់ លោក Steinmeier ដែលកំពុងធ្វើទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅកាន់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ថា ទំនាក់ទំនងនៃការគោរពគ្នាទៅវិញទៅមករបស់យើង នឹងបន្ត ខណៈយើងវាយតម្លៃឡើងវិញនូវស្ថានភាពនៅក្នុងប្រទេសទាំងបី។ អ្វីដែលយើងអាចធានាបានគឺថា យើងនឹងមិនអត់ឱនចំពោះរដ្ឋាភិបាលដែលមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។
លោក Tinubu បានប្រាប់មេដឹកនាំអាល្លឺម៉ង់ ថា ស្ថាប័នក្នុងតំបន់នឹងទុកទ្វារឲ្យនៅបើកចំហសម្រាប់ការវិលត្រឡប់មកវិញនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលរងផលប៉ះពាល់ ដោយបាននិយាយថានេះគឺជាអ្វីដែល សហគមន៍ ECOWAS តែងតែគាំទ្រ។
កាលពីថ្ងៃទី២៨ ខែមករា ប្រទេសបួគីណាហ្វាសូ ម៉ាលី និងនីហ្សេ បានប្រកាសរួមគ្នាពីចេតនាដកខ្លួនចេញពីសហគមន៍ ECOWAS ក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មដោយប្លុកប្រចាំតំបន់ដើម្បីដាក់សម្ពាធលើរបបយោធានៅក្នុងប្រទេសទាំងនេះ ឱ្យត្រឡប់ទៅរកសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញវិញ។