វិស័យបដិសណ្ឋារកិច្ចរបស់កូរ៉េខាងត្បូង រាប់ចាប់ពីគ្លីនិកវះកាត់កែសម្ផស្ស រហូតដល់ក្រុមហ៊ុនទេសចរណ៍ និងហាងសណ្ឋាគារ កំពុងត្រៀមទប់ទល់ផលប៉ះពាល់ដែលអាចកើតមាននៃវិបត្តិនយោបាយដ៏អូសបន្លាយ ខណៈភ្ញៀវទេសចរក្រៅប្រទេសមួយចំនួនបានលុបចោលដំណើរកម្សាន្ត បន្ទាប់ពីច្បាប់អាជ្ញាសឹកដ៏តានតឹងកាលពីសប្តាហ៍មុន។

ឧស្សាហកម្មដំណើរកម្សាន្ត និងទេសចរណ៍របស់កូរ៉េខាងត្បូង ដែលបង្កើតបាន ៨៤,៧ ពាន់ពាន់លានវ៉ុន (៥៩,១ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣ — ប្រហែល ៣,៨% នៃផលិតផលក្នុងស្រុកសរុប — បានរក្សាលំនឹងយ៉ាងល្អអំឡុងបញ្ហាមុនៗជាច្រើន រួមទាំងការចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីឆ្នាំ២០១៦ និងភាពតានតឹងឡើងចុះមិនទៀតទាត់ជាមួយកូរ៉េខាងជើង។

ប៉ុន្តែប្រភពបដិសណ្ឋារកិច្ច និងរដ្ឋបាលជាង១០នាក់ បាននិយាយថា ការពាក់ព័ន្ធរបស់កងទ័ពនៅក្នុងវិបត្តិនយោបាយចុងក្រោយបង្អស់នេះ គឺជាស្ថានការណ៍ដ៏ធ្ងន់ធ្ងរដែលអាចរារាំងការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម នៅពេលវិស័យនេះជិតដល់ការស្ទុះងើបឡើងវិញពេញលេញនៃចំនួនភ្ញៀវទេសចរ ដែលឈរនៅ ៩៧% នៃកម្រិតមុនកូវីដ គិតត្រឹមខែតុលា។

ជីវិតប្រចាំថ្ងៃ និងសកម្មភាពទេសចរនានាបានបន្តដូចធម្មតា ទោះបីជាមានការតវ៉ាទ្រង់ទ្រាយធំក៏ដោយ ចាប់តាំងពីលោកប្រធានាធិបតី Yoon Suk Yeol បានលុបចោលច្បាប់អាជ្ញាសឹករយៈពេល ៦ម៉ោងរបស់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូ បន្ទាប់ពីសភាបានបោះឆ្នោតប្រឆាំង ខណៈអ្នកវិភាគនិយាយថា ទីផ្សារ និងផ្នែកហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង ហាក់ដូចជាកំពុងមានលំនឹងធម្មតា៕