ការសិក្សាថ្មីមួយបាននិយាយថា ការវាយប្រហាររបស់ចិន ទៅលើអាកាសយានដ្ឋានរបស់យន្តហោះយោធាអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ងាយនឹងបង្កជាការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ប្រសិនបើមានជម្លោះ ដោយសារតែសហរដ្ឋអាមេរិក បានវិនិយោគលើយន្តហោះដែលមានតំលៃថោក និងមិនទាន់រួចរាល់ ព្រមទាំងសមត្ថភាពជួសជុលផ្លូវរត់នៅមានកម្រិត។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បញ្ហាចម្បងគឺថា មូលដ្ឋានទាំងនោះស្ថិតនៅក្នុងខ្សែសង្វាក់កោះទីមួយ — ដែលជាបណ្តុំនៃប្រជុំកោះចាប់ពីឥណ្ឌូណេស៊ី នៅតំបន់ភាគឦសានឆ្ពោះទៅជប៉ុន ហ៊ុមព័ទ្ធសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត — ស្ថិតនៅក្នុងរយៈចម្ងាយនៃមីស៊ីលរាប់ពាន់គ្រាប់របស់ចិន។

ប្រសិនបើមីស៊ីលទាំងនោះត្រូវបានកំណត់គោលដៅដើម្បីបំផ្លាញមូលដ្ឋាន ឬផ្លូវរត់នៃយន្តហោះ ការវាយប្រហារបែបនោះណាមួយអាចបិទអាកាសយានដ្ឋានយោធានៅផ្នែកជប៉ុន ក្នុងពេល ១១,៧ថ្ងៃ។ មូលដ្ឋានផ្សេងដែលនៅឆ្ងាយជាងនេះ ពោលគឺនៅកោះហ្គាំ និងកោះប៉ាស៊ីហ្វិក អាចត្រូវបានបិទយ៉ាងហោច ១,៧ថ្ងៃ។
របាយការណ៍សង្កត់ធ្ងន់ថា "ទោះជាយ៉ាងនេះក្ដី នៅក្នុងការអនុវត្តជាក់ស្ដែង ប្រទេសចិន អាចរំខានដល់ប្រតិបត្តិការប្រយុទ្ធរបស់សហរដ្ឋអាមេរិក បានយូរជាងនេះទៅទៀត ដោយរារាំងអាមេរិក មិនឱ្យប្រើប្រាស់ផ្លូវរត់ ដើម្បីបើករប្រតិបត្តិការចាក់ប្រេងតាមអាកាស"។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមរៀបចំផែនការយោធារបស់សហរដ្ឋអាមេរិក បានវិលវល់ជុំវិញគំនិតនៃប្រតិបត្តិការចែកចាយ និងពង្រាយកម្លាំងនៅទូទាំងតំបន់។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរារាំងប៉ាស៊ីហ្វិក (PDI) របស់ខ្លួន ទឹកប្រាក់រាប់រយលានដុល្លារត្រូវបានចំណាយលើការធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានយោធានៅទីតាំងនានាដូចជាអូស្ត្រាលី និងកោះ ធីនៀន (Tinian) ជាដើម៕