ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីមួយក្រុមចំនួន០៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួននិងដកហូតសម្ភារៈសម្រាប់ធ្វើសកម្មភាព មួយចំនួនធំ ដូចជាកាំបិត ដាវ និងឧបករណ៍កាចករម៉ូតូ -ល-។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះសំណាក់មួយកន្លែង ដែលគេនិយមហៅថាផ្ទះសំណាក់ គេចពន្ធ ស្ថិតនៅផ្ទះលេខ៩៨ ផ្លូវលេខ៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងលាក់ខ្លួនរបស់ក្រុមចោរនេះ គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ច្បាស់លាស់រហូតដល់ព្រឹកថ្ងៃទី២៨ ខែតុលានេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះ សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះឡោមព័ទ្ធទីតាំងផ្ទះសំណាក់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ក្នុងនោះស្រី០២នាក់ ដកហូតវត្ថុតាងធ្វើសកម្មភាព មួយចំនួនធំ ដូចជាកាំបិតដាវ និងឧបករណ៍កាចករម៉ូតូ -ល-។មន្រ្តីជំនាញ បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា ក្រុមជនសង្ស័យនេះ គឺធ្វើសកម្មភាពចម្រុះ ដោយលួចទាំងខ្សែភ្លើង កង់ ម៉ូតូថែមទាំងពេលខ្លះធ្វើសកម្មភាពកាប់ប្លន់ផងដែរពេលផ្លូវងងឹតស្ងាត់។
ក្រោយបញ្ចប់ប្រតិបត្តិការនគរបាលជំនាញ បានប្រគល់ក្រុមជនសង្ស័យទៅឲ្យនគរបាលមូលដ្ឋានខណ្ឌដូនពេញ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កុម្ភះ



