ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានប្តេជ្ញាសងសឹកអ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុងគីវថា បានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិច ទៅលើអាកាសយានដ្ឋានយោធា ក្នុងតំបន់ Rostov ភាគខាងត្បូងរបស់ខ្លួន។
នាពេលកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានគំរាមបាញ់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង នៅកណ្តាលទីក្រុងគីវ ប្រសិនបើអ៊ុយក្រែន មិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន លើទឹកដីរុស្ស៊ីដោយប្រើមីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនោះទេ។
ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែននេះដែរ មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីអាចនឹងវាយប្រហារអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ ជាមួយនឹងមីស៊ីលប្រភេទថ្មី Oreshnik មួយទៀតរបស់ខ្លួន។
ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារពេញមួយយប់របស់អ៊ុយក្រែន រុស្ស៊ីបានអះអាងថា កងទ័ពរបស់ខ្លួន បានដណ្តើមយកមកវិញនូវទឹកដី នៅក្នុងតំបន់ឃើស( Kursk) ភាគខាងលិចរបស់ខ្លួន ជាកន្លែងដែលអ៊ុយក្រែនបានកាន់កាប់។
ចំណែកលោក ពូទីន បានប្រាប់នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ថា វិធីសាស្រ្ត «បំផ្លិចបំផ្លាញ» របស់ទីក្រុងគីវ បានធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពមិនអាចដំណើរការទៅមុខបានទេ។
ទីក្រុងគីវ ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចាប់តាំងពីរុស្ស៊ី បានបាញ់មីស៊ីល Oreshnik ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ទៅលើទីក្រុង Dnipro កាលពីខែមុន ដែលជាការធ្វើឲ្យកើនឡើងភាពតានតឹងកាន់តែធំនៃជម្លោះមានរយៈពេលជិតបីឆ្នាំហើយនោះ។