រដ្ឋបាលប្រតិបត្តិការយោធារបស់ប្រទេសស៊ីរី បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានដកបម្រាមគោចរ ដែលបានដាក់ពីមុន មកលើទីក្រុងដាម៉ាស និងតំបន់ជុំវិញរបស់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋបន្តសកម្មភាពប្រចាំថ្ងៃ និងត្រឡប់ទៅកន្លែងធ្វើការវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលបានលើកទឹកចិត្តពលរដ្ឋឲ្យ «ចូលរួមចំណែកក្នុងការកសាងស៊ីរីថ្មី» ខណៈដែលប្រទេសនេះ ព្យាយាមធ្វើឲ្យលក្ខខណ្ឌមានភាពប្រក្រតីឡើងវិញ បន្ទាប់ពីការដួលរលំនៃ រដ្ឋាភិបាលរបស់លោក បាសា អាល់-អាសាដ (Bashar al-Assad) នាពេលថ្មីៗនេះ។
ការដកបម្រាមគោចរនេះ បានធ្វើឡើង នៅពេលដែលលោក Mohammed al-Bashir ដែលពីមុនជាមេដឹកនាំក្នុងតំបន់នៅភាគពាយ័ព្យប្រទេសស៊ីរី បានប្រកាសកាលពីថ្ងៃអង្គារថា លោកត្រូវបានប្រគល់ភារកិច្ចឲ្យដឹកនាំរដ្ឋាភិបាលអន្តរកាល នៅក្នុងប្រទេសស៊ីរី រហូតដល់ខែមីនា ឆ្នាំ ២០២៥។
សម្ព័ន្ធភាពសកម្មប្រយុទ្ធ ដែលដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham បានធ្វើការវាយលុកដ៏ធំមួយពីភាគខាងជើងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ហើយចាប់តាំងពីពេលនោះមក បានវាយលុកទៅភាគខាងត្បូងតាមតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយដណ្តើមយករដ្ឋធានីដាម៉ាស ក្នុង រយៈពេល ១២ថ្ងៃ។