ភ្នំពេញ ៖ នារសៀលថ្ងៃទី ១២ ខែធ្នូ ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
សារលិខិតមានខ្លឹមសារថា «ខ្ញុំម្ចាស់មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារដ៏ឧត្តុង្គឧត្តម ប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំអំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ និងសូមចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបសព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបានប្រោសព្រះរាជទាន ការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាព កាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា។
ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រនិងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ ជាទីជ្រកកោន ដល់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូបតរៀងទៅ៕12/12/24
អត្ថបទៈ សំ ងីម



