ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) កាលពីថ្ងៃពុធ (ទី១១ ខែធ្នូ) បានប្រាប់ឲ្យដឹងថា អ៊ីស្រាអែលបានដកកងកម្លាំងចេញជាលើកដំបូងពីទីក្រុងមួយ នៅភាគខាងត្បូងប្រទេសលីបង់ ហើយត្រូវបានជំនួសដោយយោធាលីបង់វិញ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។
CENTCOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា មេបញ្ជាការ លោកឧត្តមសេនីយ៍ Erik Kurilla «បានមានវត្តមាននៅឯទីស្នាក់ការកណ្តាលអនុវត្ត និងត្រួតពិនិត្យ នាថ្ងៃនេះ ក្នុងអំឡុងពេលមានការដកកងកម្លាំងការពារអ៊ីស្រាអែលលើកដំបូងដែលកំពុងបន្តធ្វើ និងការដាក់ជំនួសវិញដោយកងកម្លាំងប្រដាប់អាវុធលីបង់ នៅទីក្រុង Al-Khiam ប្រទេសលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀង (បទឈប់បាញ់)»។
សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីរបស់លោកឧត្តមសេនីយ៍ Kurilla ដែលនិយាយថា៖ «នេះគឺជាជំហានដំបូងដ៏សំខាន់ ក្នុងការអនុវត្ត ដើម្បីបញ្ឈប់អរិភាពយូរអង្វែង និងជាមូលដ្ឋានគ្រឹះ សម្រាប់ដំណើរការបន្ត»។
នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បាននិយាយថា ការឈរជើងរបស់កងទ័ព «នៅក្នុងតំបន់ Khiam និង Marjayoun ថ្ងៃនេះ បង្ហាញពីជំហានជាមូលដ្ឋានឆ្ពោះទៅរកការពង្រឹងការដាក់ពង្រាយកងទ័ព នៅភាគខាងត្បូង ក្នុងការអនុវត្តសេចក្តីសម្រេចបទឈប់បាញ់»។
ក្នុងពេលជាមួយគ្នានោះ យោធាអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា កងពលតូចទី៧ របស់ខ្លួន «បានបញ្ចប់បេសកកម្មរបស់ពួកគេហើយ នៅតំបន់ Khiam ភាគខាងត្បូងប្រទេសលីបង់»។
គួររំលឹកថា អ៊ីស្រាអែលបានបង្កើនយុទ្ធនាការយោធារបស់ខ្លួន នៅភាគខាងត្បូងលីបង់ កាលពីចុងខែកញ្ញា បន្ទាប់ពីមានការបាញ់តគ្នាមួយឆ្នាំ ដែលក្រុមហេសបូឡាបានចាប់ផ្ដើមឡើង ដើម្បីគាំទ្រក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានបើកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅភាគខាងត្បូងអ៊ីស្រាអែល។ បទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ហើយជាទូទៅកំពុងមានប្រសិទ្ធភាព បើទោះជាភាគីទាំង២ បានចោទភាគីម្ខាងៗថា បានរំលោភម្តងហើយម្តងទៀតក៏ដោយ៕



