ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ (ទី១១ ខែធ្នូ) បានប្រាប់ឲ្យដឹងថា ការផ្ទេររបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែននូវទឹកប្រាក់ ២០ពាន់លានដុល្លារដែលគាំទ្រដោយទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី គឺជា «ការប្លន់យ៉ាងសាមញ្ញ» ហើយបានលើកឡើងថា ទីក្រុងមូស្គូអាចនឹងរឹបអូសទ្រព្យសម្បត្តិលោកខាងលិច នៅលើដែនដីរបស់ខ្លួន «ដើម្បីបង្កើនសក្តានុពលឧស្សាហកម្ម»។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួង បានលើកឡើងថា៖ «ការផ្តល់ដោយក្រសួងរតនាគារសហរដ្ឋអាមេរិកនូវទឹកប្រាក់ ២០ពាន់លានដុល្លារ ដោយប្រើប្រាស់ប្រាក់ចំណូលពីប្រតិបត្តិការនៃទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីដែលត្រូវបានបង្កក ពោលគឺដែលត្រូវបានលួចដោយក្រុមប្រទេសទាំង៧ (G7) គឺត្រឹមតែជាទង្វើប្លន់យកប៉ុណ្ណោះ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «រុស្ស៊ីមានសមត្ថភាព និងវិធីសាស្ត្រគ្រប់គ្រាន់ ដើម្បីរឹបអូសសងសឹកនូវទ្រព្យសម្បត្តិលោកខាងលិច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលក្នុងករណីបែបនេះ នឹងត្រូវបានប្រើប្រាស’ ដើម្បីបង្កើនសក្តានុពលឧស្សាហកម្ម និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់របស់ប្រទេសរុស្ស៊ី»។
គួរបញ្ជាក់ថា ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែធ្នូ បានប្រាប់ឲ្យដឹងថា ខ្លួនបានផ្ទេរចំណែករបស់សហរដ្ឋអាមេរិកចំនួន ២០ពាន់លានដុល្លារនៃកម្មវិធីប្រាក់កម្ចីរបស់ក្រុមប្រទេស G7 ចំនួន ៥០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ទៅឲ្យមូលនិធិអន្តរការីរបស់ធនាគារពិភពលោក សម្រាប់ជាជំនួយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់ទីក្រុងគីវ៕


