បើយោងតាមសារព័ត៌មាន Washington Post បានឲ្យដឹងថា យុទ្ធជនស៊ីរីបានទទួលយានដ្រូនប្រហែល ១៥០គ្រឿង ក៏ដូចជាការគាំទ្រដោយសម្ងាត់ផ្សេងទៀតពីប្រតិបត្តិការចារកម្មអ៊ុយក្រែន នៅក្នុងខែវិច្ឆិកា ពោលគឺប៉ុន្មានសប្តាហ៍មុនការរុលទៅមុខរបស់ក្រុមឧទ្ទាមដែលបានផ្តួលរំលំលោក Bashar al-Assad នៅចុងសប្តាហ៍។
ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលដឹងពីសកម្មភាពយោធារបស់អ៊ុយក្រែន សារព័ត៌មាន Washington Post កាលពីយប់ថ្ងៃទី១០ ខែធ្នូ បានរាយការណ៍ថា ចារកម្មអ៊ុយក្រែន បានបញ្ជូនប្រតិបត្តិករយានដ្រូនប្រហែល ២០នាក់ និងយានដ្រូនប្រហែល ១៥០គ្រឿង កាលពី ៤ ទៅ ៥សប្តាហ៍មុន ដើម្បីជួយដល់ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS)។
ដោយមិនផ្តល់ភស្តុតាង ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងនៅមុននេះថា ក្រុមឧទ្ទាមបានទទួលយានដ្រូនពីអ៊ុយក្រែន និងការបណ្តុះបណ្តាលពីរបៀបប្រតិបត្តិការយានទាំងនោះ ជាការចោទប្រកាន់ដែលក្រសួងការបរទេសអ៊ុយក្រែន នាពេលនោះ បានច្រានចោលទាំងស្រុង។
គួរបញ្ជាក់ថា អតីតអង្គភាពដែលជាមែកធាងរបស់ក្រុមអាល់កៃដា គឺក្រុម HTS បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមិនគួរឲ្យជឿ រហូតដល់បានបង្កើតរដ្ឋបាលបណ្តោះអាសន្ន បន្ទាប់ពីមានសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំរបស់ប្រទេសស៊ីរីដែលបានធ្វើឲ្យប្រទេសបែកបាក់៕



