សារព័ត៌មាន Al Jazeera បានរាយការណ៍ថា មេដឹកនាំកងកម្លាំងប្រឆាំងស៊ីរី ដែលឡើងកាន់អំណាច នៅទីក្រុងដាម៉ាស បាននិយាយថា ពួកគេមិនបានទទួលការគាំទ្រពីប្រទេសណាមួយឡើយ។
លោកមេដឹកនាំ Ahmad al-Sharaa ដែលត្រូវបានគេស្គាល់ថា Abu Mohammed al-Golani បាន ថ្លែងថា៖«ពុំមានប្រទេសណាមួយគាំទ្រការប្រយុទ្ធរបស់យើងទេ។ គ្មាននរណាម្នាក់លើកទឹកចិត្តយើងទេ។យើងមានទំនុកចិត្តក្នុងការទទួលជ័យជម្នះរបស់យើង»។
លោកបានបន្តថា ប្រតិបត្តិការដើម្បីដណ្តើមកាន់កាប់ទីក្រុងដាម៉ាស បានរៀបចំជាយូរមកហើយ។
លោក al-Sharaa បានបញ្ជាក់យ៉ាងច្បាស់ថា៖«យើងបានប្រយុទ្ធ ដោយប្រើអាវុធផលិតក្នុងស្រុក»។
អង្គភាពប្រឆាំងប្រដាប់អាវុធរបស់ស៊ីរី បានចាប់ផ្តើមការវាយលុកដ៏ធំមួយលើកងទ័ពរដ្ឋាភិបាល នៅចុងខែវិច្ឆិកា។ នៅថ្ងៃទី ០៨ ខែធ្នូ ពួកគេបានចូលក្នុងក្រុងដាម៉ាស ខណៈដែលទាហានរដ្ឋាភិបាលបានដកចេញពីទីក្រុង។ លោក បាសា អាល់អាសាដ ( Bashar Al- Assad) បានលាលែងពីតំណែង ជាប្រធានាធិបតី ហើយបានចាកចេញពីប្រទេស ដោយចេញបញ្ជាឲ្យផ្ទេរអំណាចដោយសន្តិវិធី។ លោក Mohammed al-Bashir បានប្រកាសកាលពីថ្ងៃទី ១០ ខែធ្នូថា លោកនឹងដឹកនាំគណៈរដ្ឋមន្ត្រីបណ្តោះអាសន្ន នៅក្នុងប្រទេសស៊ីរី។ លោកធ្លាប់បានដឹកនាំរដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ក្រុមប្រឆាំង នៅក្នុងទីក្រុង Idlib តាំងពីខែមករា ឆ្នាំ ២០២៤។