របាយការណ៍ថ្មីរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ បាននិយាយថា វឌ្ឍនភាពរបស់ប្រទេសហ្វីលីពីនក្នុងការកាត់បន្ថយភាពក្រីក្រនឹងបន្ត ដែលនាំទៅរកការធ្លាក់ចុះអត្រានៃភាពក្រីក្រ នៅឆ្នាំនេះ រហូតដល់ឆ្នាំ២០២៦។
របាយការណ៍បាននិយាយថា ដោយសារតែកំណើនសេដ្ឋកិច្ចរឹងមាំ និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារពិតប្រាកដ (អត្រានៃភាពក្រីក្រដែលផ្អែកលើបន្ទាត់ភាពក្រីក្ររបស់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបចំនួន៣,៦៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ) ត្រូវបានគេព្យាករណ៍ថាថយចុះពី ១៥,៥ភាគរយនៅឆ្នាំ២០២៣ មកនៅត្រឹម១៣,៦ភាគរយនៅឆ្នាំ២០២៤ មុនពេលធ្លាក់ចុះបន្ថែមទៀតដល់១១,៣ភាគរយ នៅត្រឹមឆ្នាំ២០២៦។
ទោះជាយ៉ាងណា ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រទេសហ្វីលីពីនចុងក្រោយ បានព្រមានថា ការកើតឡើងវិញនៃព្រឹត្តិការណ៍អាកាសធាតុ ដូចជាព្យុះស៊ីក្លូនត្រូពិក និងភាពងាយរងគ្រោះចំពោះតម្លៃស្បៀង បានបង្កឲ្យមានហានិភ័យ។ របាយការណ៍ និយាយថា គ្រោះមហន្តរាយដែលទាក់ទងទៅនឹងអាកាសធាតុទាំងនេះ បានបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងជីវភាពរស់នៅ កាលពីពេលកន្លងទៅនេះ។
ទន្ទឹមនឹងនេះ របាយការណ៍បានបន្ថែមថា ភាពងាយរងគ្រោះនៃប្រាក់ចំណូលគ្រួសារ និងភាពងាយរងគ្រោះចំពោះគ្រោះមហន្តរាយអាកាសធាតុ អាចបំផ្លាញសក្តានុពលសម្រាប់ការកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់។
អាជ្ញាធរស្ថិតិប្រទេសហ្វីលីពីន បាននិយាយកាលពី ខែ កក្កដា ថា អត្រានៃភាពក្រីក្ររបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះមកនៅត្រឹម ១៥,៥ភាគរយក្នុងឆ្នាំ២០២៣ ពី១៨,១ភាគរយ ក្នុងឆ្នាំ២០២១។