ប្រទេសអង់គ្លេស បារាំង និងអាឡឺម៉ង់ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ពួកគេបានត្រៀមខ្លួនជាស្រេច ប្រសិនបើចាំបាច់ ដើម្បីចាប់ផ្តើមនូវអ្វីដែលហៅថា «សើរើឡើងវិញ» នូវទណ្ឌកម្មអន្តរជាតិទាំងអស់លើប្រទេសអ៊ីរ៉ង់ ដើម្បីរារាំងប្រទេសនេះកុំឲ្យទទួលបានអាវុធនុយក្លេអ៊ែរ។
ប្រទេសទាំងនោះ នឹងបាត់បង់លទ្ធភាព ក្នុងការចាត់វិធានការបែបនេះ នៅថ្ងៃទី១៨ ខែតុលាឆ្នាំក្រោយ នៅពេលដែលសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ឆ្នាំ២១០៥ ផុតកំណត់។ សេចក្តីសម្រេចនេះ បញ្ជាក់ពីកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ ជាមួយអង់គ្លេស អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដែលបានដកទណ្ឌកម្មលើទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
«ការសើរើឡើងវិញ» នូវទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ នឹងតម្រូវឲ្យក្រុងតេអេរ៉ង់ផ្អាករាល់សកម្មភាពដែលទាក់ទងនឹងការចម្រាញ់ និងកែច្នៃនុយក្លេអ៊ែរ ក្នុងនោះរួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងហាមឃាត់ការនាំចូលនូវអ្វីដែលអាចរួមចំណែកដល់សកម្មភាពទាំងនោះ ឬការអភិវឌ្ឍប្រព័ន្ធចែកចាយអាវុធនុយក្លេអ៊ែរ។
វាក៏នឹងដាក់ទណ្ឌកម្មឡើងវិញនូវអាវុធទូទៅ ហាមឃាត់អ៊ីរ៉ង់ពីការអភិវឌ្ឍមីស៊ីលបាលីស្ទិក ដែលមានសមត្ថភាពបញ្ជូនអាវុធនុយក្លេអ៊ែរ និងដាក់ទណ្ឌកម្មឡើងវិញលើគោលដៅនានា ទាំងបុគ្គល និងអង្គភាពរាប់សិប។ បណ្តាប្រទេសនានា ក៏នឹងត្រូវបានជំរុញឲ្យត្រួតពិនិត្យការនាំចេញទៅកាន់ និងពីប្រទេសអ៊ីរ៉ង់ នហើយអនុញ្ញាតឲ្យរឹបអូសទំនិញហាមឃាត់ណាមួយ។
កាលពីសប្តាហ៍មុន ប្រមុខអង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់ UN បានប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់កំពុង «បង្កើនល្បឿនយ៉ាងខ្លាំង« ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ៦០ភាគរយនៃភាពសុទ្ធ៕