ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានបញ្ចប់សព្វគ្រប់នូវការទិញដែលអូសបន្លាយពេលយ៉ាងយូររបស់ខ្លួន ចំពោះក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ដែលជាគូប្រជែង នៅប្រទេសកូរ៉េខាងត្បូង ដោយការសម្រេចបាននេះ ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយរបស់តំបន់អាស៊ី។ នេះបើតាមការប្រាប់ឲ្យដឹងពីក្រុមហ៊ុនអាកាសចរណ៍នេះ នាថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នេះ។
កិច្ចព្រមព្រៀង M&A តម្លៃ ១,៨សែនកោដិវ៉ុន (១,៣ពាន់លានដុល្លារ) ដែលចាត់ទុកថា ជាផ្នែកមួយនៃការបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ សម្រាប់វិស័យនេះ ត្រូវបានបង្ហាញជាលើកដំបូង កាលពី ៤ឆ្នាំមុន ដោយក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់កូរ៉េខាងត្បូង ដើម្បីជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Asiana ដែលជួបប្រទះនឹងការធ្លាក់ចុះតម្រូវការ អំឡុងពេលមានជំងឺរាតត្បាតសកលកូវីដ-១៩។
ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីភាគហ៊ុនថ្មីចំនួន ១៣១.៥៧៨.៩៤៧ហ៊ុន នៅក្រុមហ៊ុនអាកាសចរណ៍ Asiana នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានគ្រប់គ្រងភាគហ៊ុន ៦៣,៨៨ភាគរយ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ដែលក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ។
តាមការវិភាគរបស់សារព័ត៌មាន Reuters លើទិន្នន័យអាកាសចរណ៍ពីស្ថាប័ន Cirium និង OAG បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ Korean Air ថ្មី អាចមានចំនួនត្រឹមតែជាងពាក់កណ្តាលនៃសមត្ថភាពផ្ទុកអ្នកដំណើររបស់ប្រទេសកូរ៉េខាងត្បូង ហើយនឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី១២ របស់ពិភពលោក ផ្អែកលើសមត្ថភាពផ្ទុកអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រាប់ឲ្យដឹងថា ការបញ្ចូលក្រុមហ៊ុន Asiana នឹងមិនរួមបញ្ចូលទាំងការបញ្ឈប់បុគ្គលិកពីការងារនោះឡើយ៕