ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ខណៈផែនការយុទ្ធសាស្ត្រនោះ ក្នុងជំហានទី១ គឺបានប្រកាសបើកសាកល្បងទទួលទេសចរវ៉ាក់សាំងអន្តរជាតិ ទៅទស្សនាខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ពីចុងខែវិច្ឆិកាខាងមុខនេះទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ផែនការយុទ្ធសាស្ត្រស្តីពីការបើកទេសចរណ៍វ៉ាក់សាំង គឺរៀបចំឡើងឈរលើគោលការណ៍ រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ហើយសម្រាប់ការបើកទេសចរណ៍វ៉ាក់សាំងនោះ នឹងត្រូវធ្វើឡើងជាជំហានៗ ប្រកបដោយដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្ន ស្របតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ១៩។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ការចងក្រងផែនការយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង គឺផ្អែកតាមអភិក្រម ជាបុរេលក្ខខណ្ឌ ចំនួន០៤៖ ទី១. អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍, ទី២).អត្រានៃការរីករាលដាលជំងឺកូវីដ-១៩ ទី៣).សមត្ថភាពឆ្លើយតប និង គ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី, និង ទី៤).ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍ ។
ឯកឧត្តម ថោង ខុន បន្តថា ផែនការយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំងអន្តរជាតិនេះ គឺត្រូវបើកជាជំហានចំនួន៣ជំហាន៖ ជំហានទី១ ជាជំហានចាប់ផ្តើមទទួលទេសចរណ៍អន្តរជាតិឡើងវិញដោយកំណត់យកគម្រោងសាកល្បង នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ, និងតំបន់តារាសាគរនៃខេត្តកោះកុង, និងបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២២។
ជំហានទី២ ចាប់ផ្តើមទទួលទេសចរណ៍អន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ពីគម្រោងសាកល្បងនៃជំហានទី១ ទទួលបានជោគជ័យ។ ជំហានទី៣ បើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស៕
អត្ថបទ ស៊ុម សុខជា