នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីប្រេ ស៊ីល បានថ្លែងថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងមិនស្វះស្វែងដើម្បីសម្រេចបាននូវដំណោះស្រាយឆាប់រហ័សនៃជម្លោះក្នុងប្រទេសអ៊ុយក្រែននោះទេ បើទោះបីជាការសន្យាមុនការបោះឆ្នោតរបស់លោក នឹងឈានដល់សន្តិភាព ក្នុងរយៈពេល ២៤ ម៉ោងក៏ ដោយ។
លោក Fico បាននិយាយនៅក្នុងបទសម្ភាសន៍មួយសារព័ត៌មាន Folha de S.Paulo របស់ប្រទេសប្រេ ស៊ីលថា៖« គាត់ [លោក Trump] បានសន្យាថា នឹងបញ្ចប់សង្រ្គាម ក្នុងរយៈពេល ២៤ម៉ោង។ ពិតណាស់ នេះគឺជាវោហាស័ព្ទនៃឃោសនាការបោះឆ្នោត ប៉ុន្តែគាត់នឹងត្រូវចាត់វិធានការ ដើម្បីដោះស្រាយជម្លោះនេះ ហើយយើងកំពុងឃើញសេចក្តីថ្លែងការណ៍មិនច្បាស់លាស់មួយចំនួនរួចហើយ»។
យោងតាមគាត់ សកម្មភាពជាក់ស្តែងរបស់រដ្ឋបាលលោក Trump នឹងខុសពីអ្វីដែលអ្នកនយោបាយរូបនេះ បាននិយាយពីមុនថា ទោះជាយ៉ាងណាក៏ដោយ លោក Fico បានសង្កត់ធ្ងន់ថា ខ្លួន«ស្វាគមន៍ចំពោះវិធីសាស្រ្តស្ថាបនា»របស់មេដឹកនាំអាមេរិកបន្ទាប់នេះ។
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់គាត់ លោក Trump បាននិយាយម្តងហើយម្តងទៀតថា ប្រសិនបើជាប់ឆ្នោត គាត់មានបំណងដោះស្រាយជម្លោះនៅអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូស្វាគមន៍រាល់គំនិតផ្តួចផ្តើមសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន រួមទាំងសំណើរបស់លោក TRUMP ដរាបណាពួកគេដោះស្រាយបញ្ហាឫសគល់នៃជម្លោះនេះ។