មេដឹកនាំរបស់ប្រទេសបារាំង និងប៉ូឡូញ នឹងជួបពិភាក្សាគ្នា អំពីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នេះ ក្នុងនោះរួមទាំងលទ្ធភាពនៃការបញ្ជូនទាហានអឺរ៉ុបទៅទីនោះផងដែរ ដែលជាការធានាសន្តិសុខក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ខណៈដែលអឺរ៉ុបត្រៀមលក្ខណៈ សម្រាប់តំណែងប្រធានាធិបតីថ្មីរបស់លោក Donald Trump។
មហាអំណាចអឺរ៉ុប ចង់បង្ហាញដល់លោក Trump ដែលនឹងត្រូវពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាថា ពួកគេមានឆន្ទៈទទួលយកចំណែកនៃបន្ទុករបស់ពួកគេ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជិត ៣ឆ្នាំ នៅប្រទេសអ៊ុយក្រែន។
គួររំលឹកថា លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងជំរុញឲ្យមានបទឈប់បាញ់ និងការចរចាជាបន្ទាន់ ដើម្បីបញ្ចប់ជម្លោះនេះ។ លោកក៏ធ្លាប់បានរិះគន់ខ្លាំងៗផងដែរ នាពេលកន្លងមក ចំពោះសម្ព័ន្ធមិត្តអឺរ៉ុបទាំងនោះ ដែលមិនបានចំណាយតាមគោលដៅរបស់អង្គការណាតូចំនួន ២ភាគរយនៃទិន្នផលជាតិរបស់ពួកគេលើវិស័យការពារជាតិ។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ដែលប្រទេសរបស់លោកជាអ្នកគាំទ្រឥតងាករេ ចំពោះប្រទេសជិតខាងអ៊ុយក្រែន នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់កិច្ចពិភាក្សា នៅថ្ងៃព្រហស្បតិ៍នេះ នាទីក្រុង Warsaw (វ៉ាសូវី)។
ប្រភពការទូតបារាំងបានឲ្យដឹងថា៖ «អ៊ុយក្រែននឹងក្លាយជារបៀបវារៈធំចម្បងជាងគេ នៅពេលដែលមេដឹកនាំទាំង២ ជួបគ្នា រួមជាមួយនឹងរបៀបធ្វើឲ្យប្រាកដថា តើប្រទេសនេះ អាចឈរយ៉ាងរឹងមាំ និងស្ថិតក្នុងទីតាំងល្អបំផុតយ៉ាងដូចម្ដេច អំឡុងពេលចរចា (ជាមួយរុស្ស៊ី)»។
ហើយអ្នកការទូត ២រូប បានប្រាប់ថា បញ្ហាមួយក្នុងចំណោមបញ្ហាផ្សេងៗ នៅក្នុងរបៀបវារៈនេះ គឺគំនិតនៃការបញ្ជូនទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែន ប្រសិនបើមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ុយក្រែន និងរុស្ស៊ី៕