ក្រសួងការពារជាតិហ្វាំងឡង់ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបិទប្រតិបត្តិការអចលនទ្រព្យចំនួន៧ ដែលពាក់ព័ន្ធនឹងអ្នកទិញជនជាតិរុស្ស៊ី ២នាក់ ដោយលើកហេតុផលថា ការអនុញ្ញាតឲ្យមានការទិញ អាចគំរាមកំហែងដល់សន្តិសុខជាតិ។
ទីក្រុង Helsinki (ហែលស៊ិនគី) ក្នុងពេលខ្លះ បានព្យាយាមកម្រិត ជុំវិញការទិញអចលនទ្រព្យរបស់ពលរដ្ឋរុស្ស៊ី នៅជិតទីតាំងយុទ្ធសាស្ត្រ ដោយផ្អែកលើបទប្បញ្ញត្តិដែលមានស្រាប់ ដោយរារាំងប្រតិបត្តិការចំនួន៣ ក្នុងខែតុលា ឆ្នាំ២០២៣ និងចំនួន ៣ទៀត នៅក្នុងខែមករាឆ្នាំនេះ។
ដោយសំដៅទៅលើសហភាពអឺរ៉ុប (EU) និងតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ដែលរួមមានប្រទេសន័រវ៉ែស អ៊ីស្លង់ និងលិចតិនស្តាញ រដ្ឋមន្ត្រីការពារជាតិលោក Antti Hakkanen បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រសួងការពារជាតិ ស៊ើបអង្កេតដោយប្រុងប្រយ័ត្ននូវសាវតារបស់អ្នកទិញអចលនទ្រព្យទាំងអស់ដែលមកពីខាងក្រៅ EU និង EEA»។ លោកបានបន្ថែមថា៖ «ការការពារសន្តិសុខជាតិរបស់យើងមានសារៈសំខាន់ជាពិសេស អំឡុងស្ថានភាពសន្តិសុខ នាពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វាំងឡង់ កាលពីខែកញ្ញា បានស្នើហាមឃាត់ពលរដ្ឋរុស្ស៊ីភាគច្រើនមិនឲ្យទិញអចលនទ្រព្យ នៅក្នុងប្រទេស។ ទំនាក់ទំនង រវាងហ្វាំងឡង់ និងប្រទេសជិតខាងរុស្ស៊ី បានចាប់ផ្ដើមអាប់អួ គិតចាប់តាំងពីមានការលុកលុយទាំងស្រុងរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលជំរុញឲ្យទីក្រុង Helsinki សម្រេចចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ បន្ទាប់ពីប្រកាន់គោលការណ៍មិនចូលបក្សសម្ព័ន្ធជាច្រើនទសវត្សរ៍មក៕