ក្រសួងពាណិជ្ជកម្មចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំង នៅពិភាក្សាបច្ចេកទេសជាមួយអូស្រ្តាលី ជុំវិញការដកចេញបំរាមនាំចូលរបស់ខ្លួនលើបង្កងអូស្រ្តាលី ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក He Yadong និយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា ចិនសង្ឃឹមថា ភាគីទាំង ២ នឹងដោះស្រាយឲ្យបានត្រឹមត្រូវក្តីកង្វល់ ពាក់ព័ន្ធនឹងបញ្ហាដាក់ឲ្យនៅដាច់ដោយឡែក និងការត្រួតពិនិត្យសម្រាប់បង្កងអូស្រ្តាលីដែលនាំចេញទៅចិន ។
លោកថា កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមអាជ្ញាធរពាក់ព័ន្ធរបស់ចិន និងអូស្រ្តាលី មាននូវទំនាក់ទំនងផ្នែកបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាត្រួតពិនិត្យ និងការដាក់ឲ្យនៅដាច់ដោយឡែកបង្កងអូស្រ្តាលី ដែលនាំចេញទៅកាន់ចិន ។
លោក Yadong បន្តថា ទីក្រុងប៉េកាំងសង្ឃឹមថា ភាគីទាំង ២នឹងបន្តប្រកាន់ភ្ជាប់ការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងដោះស្រាយក្តីកង្វល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរៀងៗខ្លួន ឲ្យបានត្រឹមត្រូវ ៕