នាយករដ្ឋមន្ត្រីអន្តរកាលថ្មីរបស់ស៊ីរី លោក Mohammed al-Bashir បានប្រាប់សារព័ត៌មាន Al Jazeeraថា រដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad)ដែលបានលាលែងពីតំណែងជាប្រធានាធិបតីស៊ីរី កាលពីចុងសប្តាហ៍មុន បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំង។
លោកបានថ្លែងថា៖«របបនេះ បានធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចធ្លាក់ចុះដុនដាប។
តាមគំនិតរបស់លោក រដ្ឋាភិបាលរបស់លោក អាសាដ បានបាត់បង់ការគាំទ្រពីប្រជាជនរបស់ខ្លួន ហើយដូច្នេះ «បានដួលរលំលឿនជាងការរំពឹងទុក»។
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា កងកម្លាំងប្រដាប់អាវុធប្រឆាំងបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹង ទីតាំងរបស់កងទ័ពរដ្ឋាភិបាល នៅក្នុងខេត្ត Aleppo និង Idlib ។ នៅល្ងាចថ្ងៃទី ០៧ ខែធ្នូ ពួកគេបាន ដណ្តើមយកទីក្រុង Aleppo, Hama, Deraa, និង Homs.។ កាលពីថ្ងៃទី ០៨ ខែធ្នូ គូប្រជែងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានចូលទីដាម៉ាស ដែលអង្គភាពកងទ័ពស៊ីរីដកខ្លួនចេញ។ លោក អាសាដបានលាលែងពីតំណែង ជាប្រធានាធិបតីស៊ីរី ហើយបានភៀសខ្លួនចេញពីប្រទេស។ នៅថ្ងៃទី ១០ ខែធ្នូ លោក Mohammed al-Bashir អតីតប្រមុខរដ្ឋាភិបាលដែលហៅថា រដ្ឋាភិបាលស្រោចស្រង់ជាតិស៊ីរី នៅក្នុងទីក្រុង Idlib បានប្រកាសតែងតាំងលោក ជាប្រមុខរដ្ឋាភិបាលអន្តរកាលស៊ីរី រហូតដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥។

