អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នេះ បានឲ្យដឹងថា ការផលិតអាភៀន នៅសហភាពមីយ៉ាន់ម៉ា បានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធា នៅឆ្នាំ២០២១ ប៉ុន្តែប្រទេសនេះ នៅតែជាប្រទេសផលិតគ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក។
អ្នកវិភាគលើកឡើងថា ដើមអាភៀន បានក្លាយជារបរកាក់កបជាយូរមកហើយ នៅដែនដីដាច់ស្រយាលតាមព្រំដែនរបស់សហភាបមីយ៉ាន់ម៉ា ជាកន្លែងដែលក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមឧក្រិដ្ឋជន បានកែច្នៃទៅជាថ្នាំញៀន ហើយស្ថាប័នអនុវត្តច្បាប់បានធ្វើមិនដឹងមិនឮ ចំពោះពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារនេះ។
នៅឆ្នាំ២០២៣ មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនធំជាងគេបំផុតរបស់ពិភពលោក ដោយប្រមូលផលគ្រឿងញៀនបាន ១.០៨០តោន ដែលច្រើនជាង ២ដងលើប្រទេសនាំមុខកាលពីមុន គឺអាហ្វហ្គានីស្ថាន បន្ទាប់ពីរដ្ឋាភិបាលតាលីបង់បានបង្ក្រាបការដាំដុះអាភៀន។
បើយោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឲ្យដឹងថា មីយ៉ាន់ម៉ាផលិតអាភៀនបាន ៩៩៥តោន ក្នុងឆ្នាំ២០២៤។
នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងបាងកក ប្រទេសថៃ មន្ត្រីស្រាវជ្រាវរបស់ស្ថាប័ន Inshik Sim បានប្រាប់ថា មាន «ការជាប់ទាក់ទងគ្នាដ៏រឹងមាំ» រវាងការកាត់បន្ថយការប្រមូលផល និងការកើនឡើងនូវជម្លោះ ក្នុងតំបន់ធ្វើកសិកម្មអាភៀនជាប្រពៃណី។ ជាមួយគ្នានេះ ការដាក់កម្រិតលើការធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាល រួមជាមួយនឹងអាកាសធាតុធ្ងន់ធ្ងរ នារដូវខ្យល់មូសុង ក៏ត្រូវបានលើកឡើងផងដែរថា ជាកត្តាដែលអាចកើតមានផ្សេងទៀត សម្រាប់ការថយចុះទិន្នផលនេះ៕