ប្រធានាធិបតីទួរគីលោក Tayyip Erdogan និយាយថា សូម៉ាលី និងអេត្យូពី គឺជាប្រទេសជិតខាងនៅអាហ្វ្រិកខាងកើតដែលខ្វែងគំនិតគ្នាលើតំបន់ផ្តាច់ខ្លួន Somalilandនោះ បានឯកភាពលើសេចក្តីប្រកាសរួម ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអង់ការ៉ា លោក Erdogan បាននិយាយថ្លែងអំណរគុណដល់ប្រធានាធិបតីសូម៉ាលីលោក Hassan Sheikh Mohamud និងនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed សម្រាប់ការផ្សះផ្សាជាប្រវត្តិសាស្រ្តរបស់ពួកគេនេះ ។
លោក Erdogan និយាយថា ជាមួយនឹងការរួមចំណែកប្រកបដោយគុណតម្លៃរបស់ប្រទេសទាំង ២ ពួកយើងបានបង្កើតសេចក្តីប្រកាសរួមមួយថា ពួកយើងបានឯកភាពគ្នានៅថ្ងៃនេះ ។
លោកបន្តថា សេចក្តីប្រកាសរួមនេះ ផ្តោតសំខាន់លើអនាគត មិនមែនអតីតកាលនោះទេ និងកត់ត្រាគោលការណ៍ដែលប្រទេសមេត្រីភាពទាំង ២ នឹងបង្កើតឡើង ចាប់ពីពេលឥឡូវនេះតទៅ ។ លោកសូមអបអរសាទរបងប្អូនរបស់លោកទាំង ២នេះ សម្រាប់ការឈានដល់ការផ្សះផ្សាជាប្រវត្តិសាស្រ្តរបស់ពួកគេ ។
ខណៈពេលនោះដែរ ប្រធានាធិបតីសូម៉ាលីលោក Hassan និយាយថា ពួកយើងមានឱកាសរួម និងរៀងៗខ្លួន ដើម្បីអភិវឌ្ឍរួមគ្នាតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកយើង ។ សូម៉ាលី នឹងបន្តរួមចំណែកក្នុងបញ្ហានេះ ហើយពួកយើងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយថ្នាក់ដឹកនាំអេត្យូពី និងប្រជាពលរដ្ឋអេត្យូពី ដើម្បីផ្តល់ឱកាសដែលពួកយើងមាន លើគ្រប់ទស្សនៈវិស័យទាំងអស់ ៕