ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) នេះ បានរាយការណ៍ថា មហាសេដ្ឋិនីផ្នែកអចលនទ្រព្យវៀតណាមម្នាក់ ដែលបានចាញ់បណ្ដឹងឧទ្ធរណ៍ជំទាស់នឹងការកាត់ទោសប្រហារជីវិត កាលពីសប្តាហ៍មុន កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងការជំនុំជម្រះក្តីដាច់ដោយឡែកមួយផ្សេងទៀត ដែលលោកស្រីត្រូវបានកាត់ទោសពីបទសម្អាតលុយកខ្វក់។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោកស្រី Truong My Lan វ័យ ៦៨ឆ្នាំ ត្រូវបានរកឃើញថា មានទោស កាលពីខែមេសា ពីបទឆបោកប្រាក់ នៅធនាគារ Saigon Commercial Bank (SCB) ដែលរដ្ឋអាជ្ញា បានលើកឡើងថា លោកស្រីបានគ្រប់គ្រង ហើយត្រូវបានកាត់ទោសប្រហារជីវិតពីបទឆបោកទឹកប្រាក់សរុបចំនួន ២៧ពាន់លានដុល្លារ។
មនុស្សរាប់ម៉ឺននាក់ ដែលបានដាក់ប្រាក់សន្សំរបស់ពួកគេ នៅក្នុងធនាគារនេះ បានបាត់ប្រាក់ ដោយធ្វើឲ្យប្រទេសកុម្មុយនីស្តមានការភ្ញាក់ផ្អើល និងបង្កឲ្យមានការតវ៉ាដ៏កម្រពីជនរងគ្រោះ។
លោកស្រី Lan បានប្តឹងឧទ្ធរណ៍ជំទាស់សាលក្រមនោះ ហើយតុលាការបានកំណត់កាលពីសប្តាហ៍មុនថា មិនមានមូលដ្ឋាន ដើម្បីកាត់បន្ថយទោសរបស់លោកស្រីឡើយ ប៉ុន្តែបាននិយាយថា លោកស្រីនៅតែអាចគេចផុតពីទោសប្រហារជីវិត ប្រសិនបើលោកស្រីប្រគល់ទ្រព្យសម្បត្តិដែលបានលួចនោះ ៣ភាគ៤ មកវិញ។
ហើយឥឡូវនេះ លោកស្រីកំពុងប្តឹងឧទ្ធរណ៍ជំទាស់សាលក្រម ពាក់ព័ន្ធទៅនឹងការកាត់ក្តីលើកទី២ ក្នុងខែតុលា ដែលលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទល្មើសព្រហ្មទណ្ឌចំនួន ៣ករណី។
លោកស្រីត្រូវបានរកឃើញថា មានទោសពីបទសម្អាតលុយកខ្វក់ ដែលមានចំនួន ១៧,៧ពាន់លានដុល្លារ និងការជួញដូរឆ្លងដែនខុសច្បាប់លើសាច់ប្រាក់ចំនួន ៤,៥ពាន់លានដុល្លារ។ ហើយលោកស្រីក៏ត្រូវបានរកឃើញផងដែរថា មានទោសពីបទក្លែងបន្លំមូលបត្របំណុល ១,២ពាន់លានដុល្លារអាមេរិក៕