ទូរទស្សន៍ក្នុងស្រុក Geo បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) តុលាការប៉ាគីស្ថានបានចោទប្រកាន់ជាផ្លូវការលើអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលជាប់ពន្ធនាគារ និងភរិយារបស់លោក ជុំវិញការចោទប្រកាន់ថ្មីពីបទលក់អំណោយរដ្ឋដោយខុសច្បាប់។
ការចោទប្រកាន់នេះ គឺជាករណីចុងក្រោយបង្អស់ក្នុងចំណោមករណីរាប់សិប ប្រឆាំងនឹងអតីតតារាកីឡាករគ្រិកឃីត វ័យ ៧២ឆ្នាំដែលបានជាប់ពន្ធនាគារតាំងពីចុងឆ្នាំមុន។
លោក Khan និងភរិយារបស់លោក លោកស្រី Bushra Bibi ត្រូវបានធានាឲ្យនៅក្រៅឃុំរួចហើយក្នុងសំណុំរឿងនេះ ដែលជាការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់ជាបន្តបន្ទាប់ពីក្រសួងរតនាគារ ដែលគេស្គាល់ថា «Toshakhana»។
ការចោទប្រកាន់ទាំងនេះ មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ដែលថា លោក Khan និងភរិយារបស់លោកបានទិញដោយខុសច្បាប់ ហើយបន្ទាប់មកបានលក់អំណោយដែលមានតម្លៃជាង ១៤០លានរូពី (៥០១.០០០ដុល្លារ) ក្រោមការកាន់កាប់របស់រដ្ឋ ដែលលោកបានទទួលអំឡុងពេលធ្វើជានាយករដ្ឋមន្ត្រីឆ្នាំ ២០១៨-២០២២។ អ្នកទាំង២ បានបដិសេធមិនបានប្រព្រឹត្តបទល្មើសនោះទេ។
គួរបញ្ជាក់ថា លោក Khan និងលោកស្រី Bibi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ជុំវិញការចោទប្រកាន់ទាំងនោះ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតជាតិ នាដើមឆ្នាំនេះ ដោយកើតមានឡើងបន្ទាប់ពីមាននូវការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ចំពោះលោក Khan នាចុងឆ្នាំ២០២៣ នៅក្នុងដំណើរការផ្លូវច្បាប់មួយផ្សេងទៀតនៃករណីដូចគ្នានេះ។ ទោះបីជាយ៉ាងណាក្ដី ការកាត់ទោសរបស់ត្រូវបានព្យួរក្នុងសាលាឧទ្ធរណ៍ នៅតុលាការជាន់ខ្ពស់៕