តំបន់ព្រំដែនលីបង់ជាមួយស៊ីរី ចាប់ផ្តើមមមាញឹកខ្លាំង ពេលដែលពលរដ្ឋស៊ីរី និងជនជាតិដទៃទៀតរស់នៅក្នុងប្រទេសស៊ីរី ធ្វើដំណើរឆ្លងកាត់ចេញ-ចូល ដោយអ្នកខ្លះធ្វើដំណើរវិលត្រឡប់ទៅកាន់ផ្ទះវិញ បន្ទាប់ពីការដួលរលំរបបផ្តាច់ការរបស់លោក Bashar al-Assad ។
លោក Mohammed ដែលរត់ភៀសខ្លួនចេញពីប្រទេសស៊ីរី បាននៅព្រំដែនជាមួយកូនប្រុស ៤នាក់របស់លោក រង់ចាំវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់លោកវិញ ។
ពលរដ្ឋស៊ីរីម្នាក់ទៀតនៅព្រំដែនដែរនោះ និយាយថា លោកធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្នុងប្រទេសលីបង់ ដើម្បីឡើងជិះយន្តហោះទៅកាន់ប្រទេសអ៊ីរ៉ាក់ ក្រោយក្រុមអាជ្ញាធរបិទអាកាសយានដ្ឋានក្រុងដាម៉ាស់ មិនអនុញ្ញាតឲ្យមានជើងហោះហើរនោះឡើយ ។
សង្រ្គាមស៊ីវិលស៊ីរី បានធ្វើឲ្យទីក្រុងតូច-ធំក្លាយជាគំនរបាក់បែក ធ្វើឲ្យតំបន់ជនបទគ្មានមនុស្សរស់នៅ ហើយសេដ្ឋកិច្ចធ្លាក់ចុះដោយសារត្រូវព្រនុងទណ្ឌកម្មអន្តរជាតិ ។
យោងតាមតួលេខពីឧត្តមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានឲ្យដឹងថា ចំនួនជនភៀសខ្លួនស៊ីរីចុះបញ្ជីផ្លូវការនៅក្នុងតំបន់ មានជាង ៤លាននាក់ ដែលភាគច្រើននៃពួកគេ បន្តរស់នៅក្នុងជំរំជនភៀសខ្លួន ក្រោយការជម្លៀសខ្លួនមួយក្នុងចំណោមការជម្លៀសខ្លួនធំបំផុតនាសម័យទំនើប ៕