ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីកម្មវិធីការអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (Cambodia Agriculture Forum & Exhibition (CAFE-2025)) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួង។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំនេះ បានសសេរឲ្យដឹងថា បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការផ្តួចផ្តើមកម្មវិធីនេះឡើងក្នុងគោលបំណងជំរុញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគៀងគរនូវវិនិយោគិនមកវិនិយោគក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មកម្ពុជា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការរៀបចំកម្មវិធីខាងលើនេះនឹងមានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលទាមទារឱ្យការរៀបចំកម្មវិធីត្រូវមានផែនការច្បាស់លាស់ មានការផ្សព្វផ្សាយទូលំទូលាយ មានអ្នកចូលរួមកុះករ មានទំនួលខុសត្រូវខ្ពស់ មានភាពរលូន និងទទួលបានជោគជ័យ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងបើកចំហរ និងស្វាគមន៍នូវដៃគូនានាដែលមានបំណងចង់ចូលរួមគាំទ្រនូវកម្មវិធីខាងលើនេះ ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការគិតគូរសន្តិសុខស្បៀងក្នុងតំបន់ និងការបង្កើនចំនូលសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្ម។
ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា កិច្ចសហការរួមគ្នាក្នុងការរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្មផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) បានកំណត់ប្រារព្ធធ្វើឡើងចំនួន៤ថ្ងៃ នៅក្នុងខែមិនា ឆ្នាំ២០២៥ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ៕









